ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្នុងគោលដៅ ជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រឬសរសរស្ដម្ភចំនួន៣ហៅកាត់ថា 3Rs ។
ក្នុងជំនួបជាមួយលោកស្រី Camen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប្រចាំកម្ពុជា លោកអគ្គបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ដើម្បីត្រៀមខ្លួនដោះស្រាយហានិភ័យចម្បងៗ ជាយថាហេតុ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនិងកំពុងជំរុញដាក់ឱ្យអនុវត្តន៍ នាពេលឆាប់ៗខាងមុខនេះ នូវក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ ២០២៣ ដែលឈរលើសសរស្ដម្ភ៣ ។
លោកបានបង្ហាញនូវសសរស្ដម្ភទាំង៣ ដែលរាជរដ្ឋាភិបាលត្រៀមក្នុងការដាក់ចេញសម្រាប់អនុវត្តន៍រួមមាន
១. ការស្ដារ
ក្នុងន័យនេះរាជរដ្ឋាភិបាលនឹងស្ដារឡើងវិញ នូវវិស័យដែលរងនូវឥទ្ធិពលអវិជ្ជមានខ្លាំងរបស់ជំងឺកូវីដ១៩ ។
២ កែទម្រង់
ការកែទម្រង់គ្រប់ផ្នែកគ្រប់វិស័យ គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល សម្រាប់ទាក់ទាញការវិនិយោគ។
ទី៣ ការកសាងភាពធន់ ដើម្បីធានាបាននូវចីរភាពសេដ្ឋកិច្ច និងភាពប្រកួតប្រជែងជាដើម។
លោកស្រីអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតដល់សម្រេចបាននូវសមិទ្ធផលជាច្រើន និងចាត់ទុកថាកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញសាធារណៈគឺជាឆ្អឹងខ្នង ដើម្បីគាំទ្រការកែទម្រងវិស័យផ្សេងទៀត សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយជោគជ័យ ចីរភាព និងបរិយាប័ន្ន។
លោកស្រីបន្តថា សម្រាប់ជំហ៊ានបន្ទាប់ សហភាពអឺរ៉ុបនឹងបន្តការគាំទ្រដល់កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយក្របខណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប នឹងផ្ដោតលើសមាសធាតុគន្លឹះនៃការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមាន ការពង្រឹងការកៀរគរចំណូលក្នុងស្រុក ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយ ការគ្រប់គ្រងវិនិយោគសាធារណៈ ផ្សាភ្ជាប់ជាមួយនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងប្រសិទ្ថភាព លទ្ធកម្មសាធារណៈ៕