ដីតាមបណ្ដោយផ្លូវជាតិលេខ៤ កើនឡើងដល់តម្លៃប៉ុន្មានហើយក្នុងមួយម៉ែត្រការ៉េ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តម្លៃដីធ្លីនៅជុំវិញរាជធានីភ្នំពេញ នៅតែរក្សាបានតម្លៃល្អ ទោះបីជាកម្ពុជា បានប្រឈមនឹងជំងឺកូវីដ១៩ ដែលធ្វើឱ្យវិស័យជាច្រើនរងផលប៉ះពាល់ក្ដី ជាក់ស្ដែងហាងឆេងដីធ្លីនៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗ ចេញពីរាជធានីភ្នំពេញ នៅតែរក្សាបានតម្លៃមួយល្អ។

ថ្ងៃនេះយើងនឹងលើកយកពី ហាងឆេងដីធ្លីនៅតាមបណ្ដោយផ្លូវជាតិលេខ៤ គិតចាប់ពីចោមចៅដល់ទីរួមខេត្តកំពង់ស្ពឺ ។

លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសា​សន៍នៅល្ងាចថ្ងៃទី៣០ វិច្ឆិកា២០២១ឱ្យដឹងថា យើងពិនិត្យមើលដីធ្លី តាមបណ្ដោយផ្លូវជាតិលេខ៤ បើវានៅកាន់តែជិតភ្នំពេញតម្លៃវាក៏កាន់តែខ្ពស់ដែរ ក្នុងនោះតម្លៃជារួមគឺចន្លោះពី៨០ដុល្លារអាមេរិកទៅ៥០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ នេះយើងនិយាយតែដីដែលនៅជាប់នឹងផ្លូវជាតិលេខ៤ផ្ទាល់តែម្ដង។

សម្រាប់ដីដែលចុះពីផ្លូវជាតិ៤ ចូលទៅក្នុងវាក៏មានតម្លៃ ចន្លោះពី៣០ដុល្លារអាមេរិករហូតដល់២៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា ដីដែលចុះឆ្ងាយបន្តិច តម្លៃវាក៏រាងធ្លាក់បន្តិច ហើយដីដែលចុះទៅជិតផ្លូវជាតិនិងនៅជិតភ្នំពេញផង តម្លៃវាក៏ខ្ពស់ទៅតាមហ្នឹងដែរ។

លោកសំ សុខនឿនបានបន្តថា ផ្លូវជាតិលេខ៤ ជាតំបន់ដែលមានសក្ដានុពលស្រាប់ទៅហើយ ព្រោះវាជាផ្លូវដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តតំបន់សមុទ្រ ជាពិសេស គឺជាផ្លូវដ៏សំខាន់សម្រាប់ដឹកជញ្ជូនទំនិញចេញ និងចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅកាន់បណ្ដាប្រទេសផ្សេងៗលើពិភពលោក ។

លោកបន្ថែមថា បច្ចុប្បន្ននេះ ផ្លូវជាតិលេខ៤បាននិងកំពុងទាក់ទាញការវិនិយោគពីបណ្ដាវិនិយោគិនជាច្រើនបន្ថែមទៀត ជាពិសេសនៅពេលរដ្ឋាភិបាលប្រកាសបើកប្រទេ​សឡើងវិញ និងអនុញ្ញាតឱ្យវិនិយោគិន និងអ្នកដំណើរបរទេសអាចចូលមកកម្ពុជាដោយមិនធ្វើចត្តាឡីស័ក ។

ចំណែកលោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance ក៏បានឱ្យដឹងថា សក្ដានុពលផ្លូវជាតិលេខ៤ ភាគច្រើនទៅលើវិស័យឧស្សាហកម្ម ដែលវាមានភាពងាយស្រួលក្នុងការដឹកជញ្ជូន ដែលផលិតបានទៅកាន់កំពង់ផែ និងបន្តនាំចេញទៅកាន់ប្រទេសផ្សេងៗ និងនាំទំនិញពីប្រទេសផ្សេងៗចូលមកកម្ពុជាវិញ។ ផ្លូវលេខ៤គេមើលឃើញថា មានការសាងសង់ជារោងចក្រច្រើន និងមានឃ្លាំងសម្រាប់ស្តុកទំនិញក៏ច្រើនដែរ ហើយនៅពេលអនាគតផ្លូវជាតិលេខ៤ ក៏នៅតែបន្តទទួលបានវិនិយោគិន លើវិស័យឧស្សាហកម្មនេះដែរ ។

លោកបន្តថា ក្រៅពីផ្លូវជាតិលេខ៤ ក៏មានផ្លូវលេខ៣ និងផ្លូវ៥១ក្នុងខេត្តកំពង់ស្ពឺ ដែលមានសក្ដានុពល ក្នុងការទាក់ទាញលើការវិនិយោគឧស្សាហកម្ម ពីព្រោះថាផ្លូវទាំងនេះ ក៏ភ្ជាប់មកផ្លូវលេខ៤ និងបន្តទៅកាន់កំពង់ផែទឹកជ្រៅ និងទៅកាន់ច្រកព្រំដែនកម្ពុជា ថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here