សម្តេចតេជោបង្ហើបពីគំរោងរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តកែប កំពត និងកោះកុងនាពេលខាងមុខ

0

ដោយ: សុផារី

ព្រះសីហនុៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានថ្លែងថា ខេត្តនៅជាប់មាត់សមុទ្រ និងខេត្តជាប់ទន្លេផ្សេងៗទៀត ចាំបាច់ត្រូវមានប្រព័ន្ធចម្រោះទឹកកខ្វក់ ដូចខេត្តព្រះសីហនុនេះផងដែរ ដើម្បីធានាបាននូវបរិស្ថានល្អ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែនបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញចុះពិនិ ត្យ​ប្រព័ន្ធរំដោះទឹកកខ្វក់ ដែលបានសាងសង់រួចចំនួន២ ទីតាំងក្នុងខេត្តព្រះសីហនុ ដើម្បីត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា “ការដែលរាជរដ្ឋាភិបាលខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ គឺសម្រាប់មនុស្សជាន់បច្ចុប្បន្ន និងក្មេងជំនាន់ក្រោយផងដែរ”។ សម្តេចតេជោបន្តថា “ខេត្តកោះកុង កែប កំពត នឹងត្រូវរៀបចំប្រព័ន្ឋប្រព្រឹត្តកម្មទឹកកខ្វក់នាពេលខាងមុខនេះផងដែរ”។

សម្តេចបន្តថា “បន្ទាប់ពីមានប្រព័ន្ធចម្រោះទឹកកខ្វក់នេះហើយ ប្រជាពលរដ្ឋមកលេង និងងូតទឹកក្នុងខេត្តព្រះសីហនុ មិនរងនូវហានិភ័យទាក់ទងនឹងការកើតរមាស់ ឬធំក្លិនស្អុយក្នុងសមុទ្រទៀតនោះទេ”។

សម្តេចបានបញ្ជក់ថា ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅខេត្តព្រះសីហនុនេះ ក៏ជាបច្ចេកវិទ្យាទំនើបចុងក្រោយមកពីប្រទេសអ៉ីស្ត្រាអែល ដែលសម្លាប់មេរោគដោយប្រព័ន្ធឡាស៊ែរ មុននឹងទម្លាក់ចូលសមុទ្រ។

សម្តេចក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលខ្វះខាតទឹកសាបប្រើប្រាស់សម្រាប់ចិញ្ចឹមត្រី ឬស្រោចដំណាំ អាចទៅទទួលយកទឹកដែលចម្រោះស្អាចរួច នៅទីតាំងចម្រោះទឹកកខ្វក់ ដែលមានចំនួន៣ទីតាំងក្នុងខេត្តព្រះសីហនុ ដោយមិនគិតប្រាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “បើនៅប្រទេសគេជឿនលឿនមួយទៀត គេអាចប្រើប្រាស់ទឹកនេះ ទៅជាទឹកទទួលទានបាន ប៉ុន្តែយើងមិនអំពាវនាវឲ្យប្រជាជនយើងទទួលយកទឹកនេះទៅទទួលទានទេ ប៉ុន្តែក្នុងករណីប្រជាជនយើងខ្វះទឹកសាប ដើម្បីចិញ្ចឹ​មត្រី សុំមកទទួលយកពីកន្លែងចម្រោះទឹក ព្រោះទាំង៣ទីតាំង មានទឹកជាង៣ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។

សម្តេចបន្តថា “អីចឹងក្នុងករណីដែលប្រជាពលរដ្ឋ ត្រូវការទឹកដើម្បីស្រោចដំណាំ ឬចិញ្ចឹមត្រី សូមអញ្ជើញមកយកទឹកនៅទីនោះដោយមិនយកថ្លៃ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here