ដោយៈគង់ សូរិយា
ភ្នំពេញៈ ជារដ្ឋលេខាធិការក្រសួងព៌តមាន និងទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សសែននាយករដ្ឋមន្រ្តីនៃកម្ពុជា លោកជុំ កុសលបានមានបប្រសាសន៍លើកជាសំណួរថា បើកុំតែមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខរដ្ឋាភិបាល តើមន្រ្តីជាន់ខ្ពស់នគរបាលរូបនោះស្ម័គ្រចិត្តប្រគល់ដីជាង៦០០ហិកតាដល់រដ្ឋវិញទេ។
លោកជុំ កុសលបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមនាថ្ងៃទី១ ធ្នូកន្លងមកថា ឃើញមានការផ្សព្វផ្សាយលើសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធបុគ្គលមានតួនាទីជាមន្ត្រីនគរបាលម្នាក់ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញជាង ៦០០ហិកតា ។ មើលភ្លាមឃើញដូចគាត់ជាមនុស្សល្អ មានចិត្ត មិនចង់បានដីរបស់រដ្ឋទេសុខចិត្តលះបង់ប្រគល់ជូនរដ្ឋវិញដោយស្ម័គ្រចិត្ត។
លោកបានបន្តដោយលើកជាសំណួរសួរថា ប្រសិនបើថ្នាក់ដឹកនាំលោកមិនដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ឲ្យចុះស្រាវជ្រាវ ដកហូត និងចាត់វិធានការផ្លូវច្បាប់ដោយមិនយោគយល់ទេ តើគាត់ប្រគល់ដីទាំងនោះជូនមករដ្ឋវិញទេ ? ចម្លើយគឺ “ទេ , គ្មានផ្លូវទេ” បើគាត់ហ៊ានទន្ទ្រានយករួចទៅហើយ ទោះបីជាដឹងថាដីទាំងនោះជាដីរបស់រដ្ឋក៏ដោយនោះ។
លោកជុំ កុសលបានបន្តថា “ការប្រគល់ជូនវិញនេះ គឺដោយសារព្រោះតែខ្លាចអស់តំណែងតួនាទី និងមានទោសតែប៉ុណ្ណោះ”។ លោកបន្ថែមថា “និយាយឲ្យស្រួលស្តាប់ មនុស្សនេះ បានលួចយកដីរដ្ឋមកគ្រប់គ្រងទាំងបំពានរួចទៅហើយ។ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ទោះបីជាមានការស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញក៏ដោយ ក៏នៅតែមិនរួចខ្លួនទេ គ្រាន់តែមានការបន្ធូរបន្ថយខ្លះតែប៉ុណ្ណោះ”។
ទីប្រឹក្សាសម្តេចតេជោរូបនេះបានបន្តថា នេះគឺជាការអនុវត្តអភិក្រមទី៥ របស់សម្តេចតេជោគឺ ការវះកាត់យកសាច់ស្អុយ ឬដុំសាច់មហារីកក្នុងខ្លួនចេញឲ្យអស់ ដើម្បីបង្ការគ្រោះថ្នាក់ធ្ងន់ធ្ងរទៅថ្ងៃមុខ ។ បុគ្គលមានតួនាទីជាមន្ត្រី ដែលត្រូវបានថ្នាក់ដឹកនាំបក្ស និងរាជរដ្ឋាភិបាលប្រគល់ជូន គឺដើម្បីបម្រើប្រទេសជាតិ និងប្រជាជនបែរជាមិនបានបំពេញត្រឹមត្រូវ ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន គឺដល់ពេលវេលារបស់ពួកគេហើយ ដើម្បីសម្រាលបន្ទុកបញ្ហាដ៏ច្រើនពីថ្នាក់ដឹកនាំផង។
លោកបន្តថា “កន្លងមកបុគ្គលជាមន្ត្រីប្រភេទនេះ បានសាងបញ្ហាច្រើនណាស់ ហើយបញ្ហាទាំងនោះ បានជះឥទ្ធិពលមិនល្អដល់ថ្នាក់ដឹកនាំ ដល់រាជរដ្ឋាភិបាល និងគណបក្សថែមទៀតផង”។
លោកជុំ កុសល ដែលជាឧត្តមទីប្រឹក្សាជាន់ខ្ពស់បំផុតនៃគេហទំព័រ Propertyarea ផងនោះបានបន្តថា ក្នុងនាមជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា១រូប ខ្ញុំសូមគាំទ្រពេញទំហឹង ចំពោះចំណាត់ការក្តៅ គ្មានការយោគយល់ របស់សម្តេចតេជោនាពេលនេះ និងសូមប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់បំផុត ចំពោះសម្តេចតេជោ ក្នុងការដឹកនាំប្រទេសយូរអង្វែងទៅមុខទៀត។
អ្នកបានសម្រេចប្រគល់ដីដែលខ្លូន បានរំលោភបំពានដីព្រៃលិចទឹករបស់រដ្ឋនោះ គឺ លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ដែលដីនោះមានទំហំ៦៧៥ហិកតា មានទីតាំង ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែងមកអោយរដ្ឋវិញ៕