សម្ដេចតេជោៈទោះបីអូមីក្រុងមកដល់កម្ពុជា សូមកុំភ័យស្លន់ស្លោហួសហេតុពេក

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងចេញពីខេត្តព្រះសីហនុថា សូមកុំឱ្យពលរដ្ឋមានការភ័យស្លន់ស្លោពេក ទាក់ទងនឹងជំងឺកូវីដ១៩អូមីក្រុង។

សម្ដេចបានមានប្រសាសន៍ឱ្យដឹងក្នុងឱោកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធ​ហេដ្ឋារចនាសម្ព័ន្ឋរួមមានផ្លូវ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២ ធ្នូនេះថា ទោះបីជាអូមីក្រុងមកដល់កម្ពុជា តែសម្ដេចសូមបញ្ជាក់ថាកុំស្លន់ស្លោហួសហេតុ កុំភ័យពេក រហូតទៅដល់បាត់ម្ចាស់ការ។

សម្តេចបន្តថា “ពេលនេះ សូម្បីតែអាហ្វ្រិកខ្លួនឯងក៏បានបញ្ជាក់ថា មិនទាន់មានហេតុការណ៍ណាមួយធ្ងន់ធ្ងរឬទៅណាផង ប៉ុន្តែមានអ្នកប្រកាសគ្រប់ទីកន្លែង ដើម្បីបំភ័យមនុស្ស ប៉ុន្តែយើងក៏ត្រូវតែប្រយ័ត្នពីការឆ្លងនៃជំងឺនេះដែរ”។

សម្ដេចមានប្រសាសន៍បន្តថា សម្ដេចបានយល់ស្របជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅពេលដែលគេកាត់ផ្ដាច់ប្រទេស ក្នុងតំបន់អាហ្វ្រិកឱ្យនៅឯកោ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញនូវការសោកស្ដាយហើយស្នើឱ្យមានវិធានការជំនួសវិញ ដោយការបង្កើនការធ្វើតេស្ត។ សម្រាប់កម្ពុជាក៏បានដាក់ការហាមឃាត់ អ្នកដំណើរពីប្រទេស១០នៅអាហ្វ្រិកចូលមកកម្ពុជា ។

សម្ដេចតេជោបន្តថា “បើយើងទុកឱ្យអាហ្វ្រិកឯកោ វាហាក់ដូចជាមិនគប្បីទាល់តែសោះ សម្រាប់យើងក៏គ្មានជើងហោះហើរពីអាហ្វ្រកមកទេ តែយើងមានវិធានការសម្រាប់អ្នកដែលមកពីប្រទេសទាំងនោះ ដោយបង្កើនការធ្វើតេស្ត”។

សម្ដេចបន្ថែមថា គួរពិចារណាឡើងវិញ អំពីការហាមឃាត់ប្រទេស១០ មកពីអា​  ហ្រ្វិក និងជំនួសដោយការធ្វើតេស្ត និងសូមអធ្យាស្រ័យ ចំពោះអ្នកដំណើរមកពីតំបន់នោះ ដោយធ្វើតេស្តPCR តែម្ដង មិនធ្វើតេស្តរហ័សទៀតឡើយ។ ធ្វើបែបនេះ ទើបយើងមិនទុកឱ្យអាហ្វ្រិកនៅឯកោ ពីព្រោះថាប្រជាជនឬអ្នកដែលដំណើរ ដែលមកពីប្រទេសទាំងនោះ ត្រូវឆ្លងកាត់ច្រើនប្រទេសណាស់ ទំរាំមកដល់កម្ពុជាយើង ។

សម្ដេចបញ្ជាក់ថា សូមកុំភ័យពេក បើភ័យជ្រុលពេកនាំឱ្យមានជំងឺសរសៃប្រាសាទទៅវិញទេ ដូច្នេះសម្ដេចស្នើឱ្យមានការពិចារណា ចំពោះការហាមឃាត់អ្នកមកពីតំបន់អាហ្វ្រិកឡើងវិញ ។ យើងក៏មិនត្រូវហ៊ានពេកនោះដែរ យើងត្រូវគោរពទៅតាមវិធានការអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា ត្រូវពាក់ម៉ាសនិងអនាម័យ។ ផ្អែ​កទៅតាមចំណុចទាំងនេះ សម្ដេចជឿថា ទំហំសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងវិញ ហើយនឹងធ្វើឱ្យទំហំនៃប្រាក់សន្សំរបស់កម្ពុជា ក៏នឹងកើនត្រលប់មកវិញដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here