ដោយៈសុផារី
ភ្នំពេញៈ ក្រុមហ៊ុន CBRE Cambodia បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីការតែងតាំងលោក Lawrence Lennon ជាអគ្គនាយកថ្មី នៅក្នុងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ។
លោក Lawrence Lennon ធ្លាប់បានចាប់ផ្តើមអាជីព ជាប្រធានផ្នែកវាយតម្លៃនិងផ្តល់ប្រឹក្សាយោបល់របស់ស្ថាប័ន Chartered Surveyors ហើយធ្លាប់មានបទពិសោធន៍ក្នុងទីផ្សារអចលនទ្រព្យនៃប្រទេសវៀតណាម មីយ៉ាន់ម៉ា ម៉ុងហ្គោលី និងចក្រភពអង់គ្លេសផងដែរ។
ស្ថាប័ន Royal Institution of Chartered Surveyors ជាស្ថាប័នដែលលើកកម្ពស់ និងពង្រឹងគុណភាព និងស្តង់ដារវិជ្ជាជីវៈខ្ពស់បំផុតក្នុងការអភិវឌ្ឍន៍ និងគ្រប់គ្រងដីធ្លី អចលនទ្រព្យ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។
សម្រាប់ការកាន់តំណែងជាអគ្គនាយកថ្មី នៅក្នុងឆ្នាំ២០២២នេះ លោក Lawrence Lennon នឹងផ្តោតសំខាន់លើវិស័យកសិឧស្សាហកម្ម ការដឹកជញ្ជូន ការផ្ទុកខ្សែសង្វាក់ផ្នែកត្រជាក់ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការថែទាំសុខភាព បច្ចេកវិទ្យា ការអប់រំ និងបដិសណ្ឋារកិច្ច ដែលមានការងារនៅសេសសល់ជាច្រើនត្រូវធ្វើកំពុងរង់ចាំលោក។
លោក Lawrence Lennon បានមានប្រសាសន៍កត់សម្គាល់ថា “ខ្ញុំមានទំនុកចិត្តថាក្រុមហ៊ុន នឹងស្ថិតនៅជួរមុខនៃសកម្មភាពទាំងនេះ” ។ លោកបន្តថា “ជាពិសេស ដោយមើលលើបញ្ជីឈ្មោះ នៃអ្នកជំនាញនៅក្នុងស្រុក ដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុន និងភាពលេចធ្លោរបស់បុគ្គលិកក្រុមហ៊ុន មានដូចជា កញ្ញា ដាលូច ជិន (Daluch Chin) ដែលជាស្ត្រីខ្មែរដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលទទួលស្គាល់ដោយ RICS។
ជាមួយគ្នានេះលោក លោកJames Hodgeអគ្គនាយកក្រុមហ៊ុនCBRE Cambodiaដែលបានបញ្ចប់អាណត្តិ បានមានប្រសាសន៍ចែករំលែកថា “ចាប់តាំងពីបានចូលរួមជាមួយក្រុមហ៊ុន CBRE Cambodia នៅក្នុងពាក់កណ្តាលឆ្នាំ២០១៦ ខ្ញុំបានឃើញការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ នៃទីក្រុងភ្នំពេញ ដែលបានកើតឡើងតាំងពីពេលនោះមក”។ លោកបន្តថា “ខ្ញុំពិតជារីករាយណាស់ ដែលបានរួមចំណែកតិចតួចមួយ ចំពោះការរីកចម្រើនមួយនេះ តែអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺការមើលសហការីរបស់ខ្ញុំរីកចម្រើន និងមានភាពចាស់ទុំ ក្នុងអាជីពអចលនទ្រព្យរបស់ពួកគាត់ក្នុងពេលកន្លងមក”។
លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia ថ្លែងអំណរគុណចំពោះលោក James Hodge សម្រាប់ការកិច្ចខិតខំប្រឹងប្រែងជាងប្រាំឆ្នាំ ជាមួយក្រុមហ៊ុនក្នុងការជួយកសាងគ្រឹះដ៏រឹងមាំបែបនេះ។
លោកបានមានប្រសាសន៍ថា “ការចូលកាន់ដំណែងរបស់លោក Lawrence Lennonចាប់ផ្តើមនៅចំពេលគួរឱ្យចាប់អារម្មណ៍ តែក៏ប្រកួតប្រជែងមួយសម្រាប់ទីផ្សារ”។
លោក Lawrence Lennon បាននិយាយថា “ខ្ញុំមានមោទនៈភាពណាស់ ដែលបានកាន់តួនាទីនេះ នៅចំណុចរបត់មួយនៅក្នុងវឌ្ឍនភាព របស់ប្រទេសកម្ពុជាក្នុងកំឡុងវិបត្តិកូវីដ១៩នេះ។ ទោះបីជាមានបញ្ហាប្រឈមក្នុងរយៈពេលខ្លីក៏ដោយ យើងនៅក្រុមហ៊ុន CBRE នៅតែមានសុទិដ្ឋិនិយម និងទន្ទឹងរង់ចាំជួយអតិថិជនរបស់យើងក្នុងការស្វែងរកទីផ្សារដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ”។
លោកបានបញ្ជាក់បន្ថែមថា ដូចគ្នានេះដែរ យើងកំពុងទន្ទឹងរង់ចាំមើលថា តើទីផ្សារក្នុងវិស័យនេះ នឹងរីកចម្រើនបន្ថែមទៀត ដូចជា ការធ្វើផែនការទីក្រុង និងការអនុវត្ត ESG រួមទាំងក្លាយជាចំណុចសំខាន់ នៃការពិភាក្សានៅពេលដែលប្រទេសនេះ បន្តទៅជាទីក្រុងយ៉ាងឆាប់រហ័ស៕