សិង្ហបុរីបានវ៉ាឈ្នះហុងកុង ក្លាយជាទីក្រុងមានថ្លៃចំណាយជីវភាពថ្លៃបំផុត នៅលើពិភពលោកប្រចាំឆ្នាំ២០២១

0

ដោយ៖ សុខុម

ហុងកុង: សិង្ហបុរី បានវ៉ាឈ្នះហុងកុង ក្លាយជាទីក្រុងថ្លៃបំផុតនៅអាស៊ី និងជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោកប្រចាំឆ្នាំ២០២១ ដោយក្រុងហុងកុង បានធ្លាក់ចំណាត់ថ្នាក់រហូតដល់លេខ៥ ឯណោះ។

យោងតាមការដាក់ចំណាត់ថ្នាក់ដែលស្ថាប័នស្រាវជ្រាវ និងវិភាគ The Economist Intelligence Unit (EIU) បានបញ្ចេញកាលពីថ្ងៃពុធ ទី០១ ធ្នូ បង្ហាញថា ចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោកគឺបានទៅលើទីក្រុងតេលអាវីវ (Tel Aviv) នៃប្រទេសអ៊ីស្រាអែល។

ទីក្រុងរបស់អុីស្រាអែល មួយនេះបានហក់ឡើងពីចំណាត់ថ្នាក់លេខ៥ កាលពីឆ្នាំ២០២០ មកដល់ចំណាត់ថ្នាក់លេខ១ នៅក្នុងរបាយការណ៍ថ្លៃចំណាយលើជីវភាពទូទាំងពិភពលោកប្រចាំឆ្នាំ២០២១ (Worldwide Cost of Living 2021) ដោយក្រុងប៉ារីស នៃប្រទេសបារាំង ជាប់ចំណាត់លេខ២ រួមគ្នាជាមួយសិង្ហបុរី ចំណែកឯក្រុងហ្ស៊ូរិច (Zurich) ប្រទេសស្វីស ជាប់ចំណាត់ថ្នាក់លេខ៤ ហើយក្រុងហុង ជាប់ចំណាត់ថ្នាក់លេខ៥។

យោងតាមស្ថាប័ន EIU ឱ្យដឹងថា ការហក់ឡើងថ្លៃនៃរូបិយប័ណ្ណអ៊ីស្រាអែល Shekel និងការឡើងថ្លៃទំនិញរួមមានទាំងថ្លៃគ្រឿងទេស និងថ្លៃដឹកជញ្ជូនផង គឺជាកត្តាដ៏សំខាន់ដែលជំរុញឱ្យក្រុងតេលអាវីវ ជាប់ចំណាត់ថ្នាក់លេខ១។

របាយការណ៍ Worldwide Cost of Living 2021 បានធ្វើការប្រៀបធៀបទីក្រុងចំនួន១៧៣ជុំវិញពិភពលោក ដោយប្រើប្រាស់តម្លៃផលិតផលប្រមាណ២០០មុខដើម្បីធ្វើជាបន្ទាត់ក្រិតនៅក្នុងការដាក់ចំណាត់ថ្នាក់រួមមានថ្លៃចំណីអាហារ សម្លៀកបំពាក់ គ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះ ថ្លៃឈ្នួលផ្ទះ ថ្លៃដឹកជញ្ជូន និងការកម្សាន្តផងដែរ។

ខាងក្រោមនេះជាទីក្រុងជាប់ចំណាត់ថ្នាក់កំពូលទាំង១០៖

*ក្រុងតេលអាវីវ – ចំណាត់ថ្នាក់លេខ១

*ក្រុងប៉ារីស – ចំណាត់ថ្នាក់លេខ២ (រួមគ្នា)

*សិង្ហបុរី – ចំណាត់ថ្នាក់លេខ២ (រួមគ្នា)

*ក្រុងហ្ស៊ូរិច (ស្វីស) – ចំណាត់ថ្នាក់លេខ៤

*ក្រុងហុងកុង – ចំណាត់ថ្នាក់លេខ៥

*ក្រុងញូវយ៉ក – ចំណាត់ថ្នាក់លេខ៦

*ក្រុងហ្សឺណែវ (ស្វីស) – ចំណាត់ថ្នាក់លេខ៧

*ក្រុងកូប៉ិនហាក (ដាណឺម៉ាក) – ចំណាត់ថ្នាក់លេខ៨

*ក្រុងឡូសអែនជើឡេស – ចំណាត់ថ្នាក់លេខ៩

*ក្រុងអូសាកា (ជប៉ុន) – ចំណាត់ថ្នាក់លេខ១០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here