ផ្លូវ៣៨ខ្សែ និងគម្រោងព្រលានយន្តថ្មីនៅខេត្តសៀមរាបកំពុងទាក់ទាញវិនិយោគិនអចលនទ្រព្យបណ្ដើរៗហើយ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍សំខាន់ៗធំៗ នៅខេត្តសៀមរាបបានចេញជាលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ ជាក់ស្ដែងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីនិងផ្លូវ៣៨ខ្សែនៅក្នុងខេត្តតំបន់ទេសចរណ៍មួយនេះ បាននិងកំពុងទាក់ទាញវិនិយោគិនអចលនទ្រព្យស្វែងរកការបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ ។

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត និងប្រធានក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍នៅថ្ងៃទី២ ធ្នូ២០២១នេះថា សៀមរាបគឺជាតំបន់ដែលមានសេដ្ឋកិច្ចកំពូលទាំង៥របស់កម្ពុជា ហើយក៏ជាខេត្តមួយដែលមានប្រជាជនរស់នៅច្រើនរហូតដល់ជិត១លាននាក់។ ក្រៅពីនេះ សៀមរាបក៏ជាខេត្តដែលទទួលបានទេសចរបរទេសនិងជាតិច្រើនជាងគេក្នុងប្រទេសកម្ពុជា ។

លោកថា “នៅពេលដែលទេសចរមកកាន់ខេត្តសៀមរាបកាន់តែច្រើន វានឹងបង្កើននូវតម្រូវការគ្រប់ផ្នែករាប់តាំងពីផ្នែកដឹកជញ្ជូនម្ហូបអាហារ ភេសជ្ជៈ លំហែកម្សាន្តនិងការស្នាក់នៅជាដើម”។
លោកបន្តថា នៅពេលខេត្តមួយនេះកាន់តែមានសក្ដានុពលនិងមានតម្រូវការខ្ពស់ ប្រជាជននៅខេត្តផ្សេងៗ នឹងធ្វើដំណើរទៅកាន់ខេត្តដើម្បីរកការងារ ដូចជា សេវាកម្មទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដឹកជញ្ជូន ជាដើម ពេលនោះតម្រូវការអចលនទ្រព្យនឹងកើនឡើង។

លោកមើលឃើញថាកត្តាផ្លូវ៣៨ខ្សែ ព្រលានយន្តហោះថ្មី និងទេសចរណ៍វ៉ាក់សាំងនឹងជំរុញឱ្យតម្រូវការអចលនទ្រព្យនៅក្នុងខេត្តសៀមរាបកើនឡើង ជាពិសេសចាប់តាំងពីឆ្នាំ ២០២២ខាងមុខតទៅ សន្ទុះនៃការវិនិយោគអចលនទ្រព្យនៅក្នុងខេត្តសៀមនឹងកាន់តែមានខ្ពស់បន្ថែមទៀត។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កន្លងមកក៏បានមានប្រសាសន៍ផងដែរថា តាមរយៈផ្លូវ៣៨ខ្សែរបស់រាជរដ្ឋាភិបាលនឹងទាក់ទាញដល់វិនិយោគិនជាតិនិងអន្តរជាតិជាច្រើន ដើម្បីស្វែងរកការវិនិយោគ ហើយនៅឆ្នាំ២០២២ ទេសចរដែលទៅលេងខេត្តសៀមរាបនឹងទទួលបាននូវចំណីចក្ខុថ្មី ដោយសារតែមានផ្លូវស្អាតៗ មានចិញ្ចឹមថ្នល់សម្រាប់អ្នកថ្មើជើង និងមានការរៀបចំរចនាសម្ព័ន្ធទីក្រុងកាន់តែស្អាតជាងមុនៗ។

លោក អាន រដ្ឋា អគ្គនាយក ក្រុមហ៊ុន Siem Reap Land House Co.,Ltd ក៏បានមានប្រសាសន៍ផងដែរថា សៀមរាបនឹងក្លាយជាតំបន់ដែលមានការទាក់ទាញគម្រោងវិនិយោគអចលនទ្រព្យមួយនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ យើងបានមើលឃើញថាសក្ដានុពលទាក់ទាញមួយចំនួន ដូចជាផ្លូវថ្មីៗនៅក្នុងក្រុងសៀមរាប គម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប ក៏ដូចជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនឯកជនជាច្រើនទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here