ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ខេត្តមណ្ឌលគីរីជាខេត្តប៉ែកឦសាន្តមួយ កំពុងទទួលបានការចាប់អារម្មណ៍លើការវិនិយោគវិស័យអចលនទ្រព្យ ជាពិសេសលើលំនៅឋានលំហែកាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានដើម្បីបម្រើដល់វិស័យទេសចរណ៍។
លោកច្រឹក សុខនីម ប្រធានសមាគអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ខេត្តមណ្ឌលគីរីគឺជាកន្លែងដែលទេសចរជាតិ និងអន្តរជាតិតែងតែ ទៅសម្រាកលំហែនៅថ្ងៃឈប់សម្រាក និងពេលទំនេរ ដោយសារតែខេត្តនេះ មានអាកាសធាតុល្អបរិសុទ្ធហ៊ុព័ទដោយព្រៃឈើ ។
លោកបន្ត “បច្ចុប្បន្ននេះមានវិនិយោគិន មកពីតំបន់អាស៊ានមួយចំនួន ក៏បានបង្ហាញនូវសុទិដ្ឋិនិយម ដើម្បីមកធ្វើការសិក្សាដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងប្រទេសកម្ពុជា ជាពិសេសប៉ែកឦសាន្ត ហើយនឹងបណ្ដាក់ទុននៅតំបន់ផ្សេងៗ មួយចំនួនទៀតក្នុងប្រទេសកម្ពុជា”។ លោកបន្តថា “នៅពេលនេះវិនិយោគិន ចាប់ផ្ដើមវិនិយោគបន្តិចម្ដងៗហើយនៅពេលអនាគត នឹងមានការវិនិយោគលើវិស័យដីធ្លី កាន់តែច្រើននិងទទួលបានប្រាក់ចំនេញក៏កាន់តែច្រើនផងដែរ”។
លោកអ៊ិន ស៊ីថា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Harmony បានឱ្យដឹងថា នៅរៀងរាល់ថ្ងៃឈប់សម្រាក ប្រជាពលរដ្ឋនៅរាជធានី និងពីបណ្ដាខេត្តមួយចំនួនបានទៅសម្រាក និងលំហែនៅមណ្ឌលគីរីកាន់តែច្រើន ហើយដូចបានឃើញស្រាប់ នៅពេលថ្ងៃបុណ្យទានម្ដងៗ នៅមណ្ឌលគីរីសឹងតែរកបន្ទប់ស្នាក់នៅមិនបានផង។ ដូច្នេះវិនិយោគិននឹងចាប់យកឱកាសនេះ ដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តមួយនេះ បំពេញតម្រូវការសម្រាប់វិស័យទេសចរណ៍ ។
លោកបន្តថា “វិនិយោគិនដែលនឹងដាក់ទុនវិនិយោគ នៅក្នុងខេត្តមណ្ឌលគីរីអាចជាអ្នកវិនិយោគហើយជួលបន្តទៅ អ្នកវិនិយោគផ្សេងទៀតដូចជាសណ្ឋាគារ ផ្ទះសំណាក់ បូទិកម៉ូតែលជាដើម”។
កាលពីថ្ងៃឈប់សម្រាកបុណ្យអុំទូកកន្លងទៅនេះ ខេត្តមណ្ឌលគីរីជាខេត្តមួយទាក់ទាញ ទេសចរទៅសម្រាកលំហែច្រើន និងបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ជាច្រើនក៏ត្រូវបានភ្ញៀវកក់ពេញ ហើយមានភ្ញៀវខ្លះក៏ទៅសម្រាកបោះតង់នៅលើទីវាលវិញ ដោយសារតែរកបន្ទប់សម្រាកមិនបាន ។
ភ្នាក់ងារអចលនវត្ថុប្រចាំខេត្តមួយនេះ លោកឬទ្ធីជ័យ ក៏បានឱ្យដឹងផងដែរថា តម្លៃដីក្នុងខេត្តមណ្ឌលគីរី ក៏បានចាប់ផ្ដើមឡើងថ្លៃជាបន្តបន្ទាប់ផងដែរ ជាពិសេសដីនៅក្បែរគម្រោងព្រលានយន្តហោះ និងដីនៅជិតព្រំដែនកម្ពុជាវៀតណាម៕