ដោយៈវឌ្ឍនៈ
ព្រះសីហនុៈ ក្នុងគោលដៅពង្រីកសក្តានុពលកំពង់ផែព្រះសីហនុ រដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួនជាង៦០០លានដុល្លារអាមេរិក ដើម្បីាលាានុុដើម្បីទទួលបានកុងតឺន័រនៅក្នុងចំណតផែ និងដើម្បីឱ្យមានសមត្ថភាពទទួលនាវាធំៗពីអាមេរិក និងសហគមន៍អឺរ៉ុបបាន។
ការពង្រីកនេះ ដើម្បីឲ្យកំពង់តផែនេះមានលទ្ឋភាព ទទួលការចូលចតនាវាធំៗក្នុងកំពង់ផែកាន់តែច្រើននោះ កំពង់ស្វយ័តក្រុងព្រះសីហនុបានរៀបចំ ផែនការអភិវឌ្ឍសាងសង់ចំណតផែ និងចំណតកុងតឺន័រជាបន្តបន្ទាប់ ជាក់ស្ដែងកំពង់ផែនេះក៏ទើបតែទទួលបានកំពង់ផែថ្មីមួយ និងមានសមត្ថភាពកាន់តែធំសម្រាប់ទទួលនិងផ្ទុកកុងតឺន័រ ។
សម្រាប់ផែនការយុទ្ធសាស្ត្រ ពីឆ្នាំ២០២២ដល់ឆ្នាំ២០៣០ បានឲ្យដឹងថា កំពង់ផែបានត្រៀមថវិកាប្រមាណ៦០០លានដុល្លារអាមេរិក សម្រាប់សាងសង់ចំណតកំពង់ផែជំហានទី១ ទី២ និងទី៣ ។
លោកលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានមានប្រសាសន៍ថា ការសិក្សាលើគម្រោងសាងសង់ចំណតកំពង់ផែដែលមានប្រវែងជាង៣៥០ម៉ឺន និងជម្រៅទឹក១៤,៥ម៉ែត្រ ក្នុងជំហានទី១ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA អស់ទឹកប្រាក់២០០លានដុល្លារអាមេរិក និងរំពឹងថាអាចចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០២២ខាងមុខនេះ បញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។
សម្រាប់គម្រោងសាងសង់ចំណតក្នុងជំហានទី២ និងក្នុងជំហានទី៣ ត្រូវប៉ាន់ប្រមាណថវិកា៤០០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាព ការចេញចូលនាវាធំៗទៅមកពីសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបនៅត្រឹមឆ្នាំ២០៣០ ។
លោកបន្តថា សព្វថ្ងៃនេះកុងតឺន័រចំនួន៦០ភាគរយ មកពីគ្រប់តំបន់បានឆ្លងកាត់កំពង់ផែពហុបំណងនេះហើយ ស្របគ្នានឹងការចូលចតនៃទំនិញរាយទូទៅ និងចាក់ធារផ្សេងៗទៀត មុននឹងបញ្ចេញទៅកាន់គោលដៅ ផ្សេង ។ ក្នុងរយៈពេល១០ខែឆ្នាំ២០២១ ការដឹកជញ្ជូនទំនិញចេញ ចូលឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នមានជំរៅទឹកត្រឹមតែ១៣,៥០ម៉ែត្រ កើនឡើង១៧ភាគរយ គិតជាទឹកប្រាក់ជាង៦០លានដុល្លារអាមេរិក ។
ប្រភពពីខាងក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានឱ្យដឹងថា ចំណតផែកុងតឺន័រថ្មីមួយទៀត ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានជម្រៅទឹក១៤,៥ម៉ែត្រ និងប្រវែង៣៥០ម៉ែត្រ នឹងត្រូវសាងសង់នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា សម្រាប់ដឹកជញ្ជូនទំនិញ ទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក និងទទួលយកទំនិញពីបណ្ដាប្រទេសនានាមកកាន់កម្ពុជា ដើម្បីកែច្នៃនិងនាំចេញវិញនិងទំនិញប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផ្ទាល់៕