ដោយៈសុខុម
បាងកក: រដ្ឋាភិបាលថៃ នឹងចាក់បញ្ចូលសាច់ប្រាក់ រហូតដល់ទៅប្រមាណ១ទ្រីលានបាត (២៩,៥ពាន់លានដុល្លារអាមេរិក) ទៅក្នុងសេដ្ឋកិច្ចនៅឆ្នាំ២០២២ ដើម្បីទប់ទល់ស្ថានការណ៍ប្រែប្រួលណាមួយ ដែលអាចបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron)។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បានថ្លែងបែបនេះកាលពីថ្ងៃព្រហស្បតិ៍ ទី២ ធ្នូ នៅខាងក្រៅវេទិកាអន្តរជាតិ នៃកាសែតបាងកកប៉ុស្តិ៍ ប្រចាំឆ្នាំ២០២១ (Bangkok Post International Forum 2021)។
លោកគូសបញ្ជាក់ថា សាច់ប្រាក់ប្រមាណ១៧,៧ពាន់លានដុល្លារអាមេរិក នឹងត្រូវដកចេញពីមូលនិធិវិនិយោគរបស់រដ្ឋ សម្រាប់ឆ្នាំសារពើពន្ធ២០២២។ ចំណែកឯទឹកប្រាក់ប្រមាណ៣០០ពាន់លានបាត (៨,៨៦ពាន់លានដុល្លារអាមេរិក) នឹងត្រូវដកចេញពីមូលនិធិវិនិយោគរបស់បណ្ដាសហគ្រាសរដ្ឋ។
លោកបានបន្ថែមទៀតថា រដ្ឋាភិបាលក៏មានសាច់ប្រាក់ ៧,៣៨ពាន់លានដុល្លារអាមេរិកផ្សេងទៀត ដែលសេសសល់ពីសាច់ប្រាក់៥០០ពាន់លានបាត (១៤,៧៥ពាន់លានដុល្លារអាមេរិក) ដែលខ្លួនបានខ្ចីដើម្បីកាត់បន្ថយ ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ មកលើសេដ្ឋកិច្ចផងដែរ។
រដ្ឋមន្ត្រីរូបនេះលើកឡើងថា រដ្ឋាភិបាលថៃ កំពុងព្យាយាមរក្សាតុល្យភាព រវាងការរក្សាសេដ្ឋកិច្ចឱ្យដំណើរការ និងការចាត់វិធានការបង្ការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។
នៅក្នុងសុន្ទរកថាដ៏សំខាន់របស់លោក លោក Arkhom Termpittayapaisith បានគូសបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសថៃ កំពុងមានភាពប្រសើរឡើង ខណៈស្ថានភាពវិបត្តិកូវីដ-១៩ នៅក្នុងប្រទេសនេះបន្តធូរស្រាល។
ទោះជាយ៉ាងណា លោកលើកឡើងថា ស្ថានភាពមិនប្រាកដប្រជានៅតែមាន បន្ទាប់ពីការលេចឡើងនូវវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង ហើយព្រមានថា ប្រទេសថៃ ត្រូវតែរក្សាសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន។
លោកបន្ថែមថា រដ្ឋាភិបាលថៃ កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងដើម្បីត្រៀមខ្លួនសម្រាប់សម័យកាល ក្រោយចប់វិបត្តិកូវីដ-១៩៕ Bangkok Post៕