ដោយៈជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនចិនដែលកំពុងស្ថាបនាផ្លូវជាតិលេខ១០ បាននិងកំពុងសាងសង់ស្ពានមួយមានកំពស់រហូតដល់ ៧៥ម៉ែត្រ ដែលជាស្ពានខ្ពស់បំផុតនៅកម្ពុជា កាត់តាមជ្រលងភ្នំនៅតំបន់ថ្មដា ក្នុងខេត្តពោធិសាត់។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថាគម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៧១គីឡូម៉ែត្រតភ្ជាប់ពីសំឡូត-វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៣កន្លែង ប្រវែង ១៧២១,៤៦ម៉ែត្រដែលក្នុងនោះ មានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។
គម្រោងផ្លូវនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មី ប្រវែងសរុប ៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរ នាំឱ្យប៉ះពាល់ដល់បរិស្ថាននិងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។
ក្នុងដំណើរចុះពិនិត្យនេះ លោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសធ្វើដំណើរយ៉ាងស្វិតស្វាញបំផុត ក្នុងការត្រួសត្រាយតម្រាយផ្លូវជាតិលេខ១០ ពុះពារគ្រប់ឧបសគ្គ ឆ្លងកាត់ជ្រោះជ្រោងជ្រលងដងអូរ កាត់ខ្នងភ្នំក្រវាញដើម្បីពិនិត្យស្ថានភាពទឹកដីភូមិសាស្ត្រសមស្របសម្រាប់ការសាងសង់។
គម្រោងផ្លូវនេះ គ្រោងចំណាយថវិកាសរុប ប្រមាណ១៨៨,៣៨លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕