ឱកាសការងារក្នុងវិស័យអចលនទ្រព្យនៅមានភាពទូលំទូលាយ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មួយរយៈពេលចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគ ទៅលើវិស័យវិស័យអចលនទ្រព្យច្រើន និងបានផ្ដល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា  ប៉ុន្តែបើក្រលេកទៅមើលឱ្យច្បាស់ ទៅវិស័យអចលនទ្រព្យនៅកម្ពុជា នៅមានសក្ដានុពលទូលំទូលាយនៅឡើយ។

លោកព្រាប កុល គ្រូបង្គោលបណ្ដុះបណ្ដាលអចលនទ្រព្យនៃក្រុមហ៊ុនCentury 21 Cambodia បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី៦ ធ្នូ ២០២១នេះឱ្យដឹងថា មែនទែនទៅ វិស័យអចលនទ្រព្យកម្ពុជា នៅមានសក្ដានុពលទូលំទូលាយណាស់ ។លោកថា ថ្វីត្បិតតែកន្លងមក មានគេនិយាយពីអចលនទ្រព្យច្រើនក៏ពិតមែន ប៉ុន្តែភាគច្រើនគឺធ្វើឡើងតែនៅទីប្រជុំជនប៉ុណ្ណោះ ហើយបើយើងចុះទៅតាមជាយក្រុង តាមខេត្តឬតំបន់ដាច់ស្រយាលអីយើងឃើញនៅស្ងាត់នៅឡើយ។

លោកបន្តថា “ដោយសារតែវិស័យនេះ នៅមានសក្ដានុពលធំ យុវជនជំនាន់ក្រោយ ដែលចាប់អារម្មណ៍ក្នុងវិស័យអចលនទ្រព្យគួរងាកចាប់យកឱកាសជំនាញវិស័យនេះឱ្យបាន និងត្រៀមខ្លួននៅពេលវិស័យមួយនេះ កាន់តែមានការរីកដុះដាលបន្ថែមទៀត”។

ជាមួយគ្នានេះ លោកស្រី Grace Rachny Fong  អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia ក៏បានឱ្យដឹងផងដែរថា នេះគឺជាឱកាសដ៏ល្អមួយ សម្រាប់បងប្អូនដែលស្រលាញ់ចូលចិត្តលើវិស័យអចលនទ្រព្យ ដើម្បីទុកជាអាជីពរបស់ខ្លួននៅពេលអនាគ ។ នៅកម្ពុជាយើងក៏មានសាលារៀន បណ្ដុះបណ្ដាលលើមុខជំនាញវិស័យអចលនទ្រព្យ ដើម្បីជួយដល់អ្នកដែលចង់ប្រកបរបរក្នុងវិស័យអចលនទ្រព្យ ។

លោកស្រីបន្តថា “អ្នកវិនិយោគបរទេស ចូលមករកការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង នឹងលែងមានបញ្ហាពិបាកទៀត នៅពេលកម្ពុជាមានធនធានមនុស្ស ក្នុងវិស័យអចលនទ្រព្យកាន់តែច្រើននិងប្រកបដោយវិជ្ជាជីវៈ”។ លោកស្រីមានប្រសាសន៍ថា “មិនថាតែនៅក្នុងវិស័យអចលនទ្រព្យ ឬវិស័យណាមួយឡើយជំនាញលក់ គឺជាជំនាញមួយ ដែលមានសារសំខាន់ជាងគេហើយអ្នកពូកែលក់គឺជាអ្នកដែលខ្លាំង និងអាចជួបជាមួយមនុស្សគ្រប់កម្រិត រាប់តាំងពីអ្នកជីវភាពធូរធាមកដល់អ្នកមានជីវភាពធម្មតា”។

នៅក្នុងវិបត្តិកូវីដ១៩ អ្នកដែលបាត់បង់ឱកាសពីវិស័យផ្សេងៗ ក៏បានប្រឡូកចូលក្នុងវិស័យអចលនទ្រព្យ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ជាការកតសម្គាល់មានបុគ្គលជាច្រើន ក៏ទទួលបានផលប្រយោជន៍ពីការងារ ក្នុងវិស័យអចលនទ្រព្យនេះ តែក៏មានបុគ្គ​លមួយចំនួនមិនទទួលបានផ្លែផ្កានោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here