ក្រុមហ៊ុនយក្សAlibaba របស់ Jack Ma រុះរើអាជីវកម្ម E-Commerce ទូទាំងពិភពលោក

0

ដោយៈសុខុម

ប្រទេសចិន: ក្រុមហ៊ុនយក្ស Alibaba Group Holding របស់មហាសេដ្ឋី Jack Ma បានប្រកាសនៅថ្ងៃច័ន្ទ ទី៦ ធ្នូ នេះថា ពេលនេះខ្លួនកំពុងរៀបចំឡើងវិញនូវអាជីវកម្ម E-Commerce របស់ខ្លួនទូទាំងទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ ហើយនឹងតែងតាំងអគ្គនាយកហិរញ្ញវត្ថុ (CFO)ថ្មី។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា ចំណាត់ការនេះ ធ្វើឡើងស្របពេលក្រុមហ៊ុន Alibaba កំពុងប្រឈមមុខនឹងបញ្ហាឈឺក្បាលជាច្រើន រួមទាំងការប្រកួតប្រជែងកាន់តែខ្លាំងក្លា វិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ និងវិធានការបង្ក្រាបពីសំណាក់ក្រុមនិយ័តករចិនផងដែរ។

ក្រុមហ៊ុនAlibaba បញ្ជាក់ថា ខ្លួននឹងបង្កើតបុត្រសម្ព័ន្ធថ្មីចំនួន២សម្រាប់គ្របដណ្ដប់លើអាជីវកម្ម E-Commerce ដ៏សំខាន់របស់ខ្លួនទាំងសម្រាប់ទីផ្សារក្នុងប្រទេសចិន និងទីផ្សារអន្តរជាតិ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងជំរុញកំណើនកាន់តែខ្លាំងបន្ថែមទៀត។

បុត្រសម្ព័ន្ធពាណិជ្ជកម្មឌីជីថលអន្តរជាតិ របស់ក្រុមហ៊ុននេះ នឹងគ្រប់​គ្រងអាជីវកម្ម ដែលប្រឈមមុខផ្ទាល់ជាមួយអ្នកប្រើប្រាស់ និងអាជីវកម្មលក់បោះដុំរួមមាន AliExpress, Alibaba.com និង Lazada ជាដើម ហើយបុត្រសម្ព័ន្ធនេះនឹងត្រូវដឹកនាំដោយលោក Jiang Fan ដែលជាអតីតប្រធានផ្សារ Taobao និង Tmall ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Alibaba នឹងបង្កើតពាណិជ្ជកម្មឌីជីថលក្នុងស្រុករបស់ខ្លួន ឱ្យនៅក្រោមចំណុះរបស់បុត្រសម្ព័ន្ធ នៅប្រទេសចិន ដែ​លត្រូវដឹកនាំដោយលោកស្រី Trudy Dai ដែលជាសមាជិកស្ថាបនិករបស់ Alibaba។

ក្រុមហ៊ុននេះបានបញ្ជាក់បន្ថែមទៀតថា លោក Toby Xu អគ្គនាយករងហិរញ្ញវត្ថុ នឹងបន្តតំណែងពីលោកស្រី Maggie Wu ជាអគ្គនាយកហិរញ្ញវត្ថុ (CFO) ថ្មីរបស់ Alibaba ចាប់ពីខែមេសា ដើមឆ្នាំ២០២២ តទៅ ហើយបានចាត់ទុកការតែងតាំងលោក Toby Xu ថាជាផ្នែកមួយនៃផែនការផ្លាស់ប្ដូរមុខតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here