ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនឯកជនពីក្រៅប្រទេសមួយ បានវិនិយោគសាងសង់អគារកំពស់២៦ជាន់ ដើម្បីធ្វើជាមន្ទីរពេទ្យពហុជំនាញមួយនៅរាជធានីភ្នំពេញ។
មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលបានបញ្ចុះបឋមសិលាសាងសង់ មានទីតាំងនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ អគារនេះ មានសមត្ថភាពអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី១៥០ ទៅ២០០គ្រែ និងគ្រោងសាងសង់ឲ្យរួចរាល់ក្នុងរយះពេលពី៤ទៅ៥ឆ្នាំ ។
លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ។ លោកវេជ្ជបណ្ឌិតឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ។
លោកវេជ្ជបណ្ឌិតឈុន ឡាយបានមានប្រសាសន៍ឲ្យដឹងថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវបានធ្វើឲ្យគំរោងសាងសង់មន្ទីរពេទ្យពហុជំនាញ ភ្នំពេញនាពេលនេះ ចេញជារូបរាងដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ទំនើប ទាន់សម័យ និងគ្រប់ជំនាញ៕