ក្រុមហ៊ុនចិនធំៗទាំងចាស់ និងថ្មីជាច្រើនបានមកដល់កម្ពុជាបណ្តើរៗហើយ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនចិនលំដាប់យក្សជាច្រើន ទាំងចាស់ និងក្រុមហ៊ុនចិនថ្មីៗជាច្រើនបានវិលមកកម្ពុជាជាថ្មីឡើងវិញ និងវត្តមានក្រុមហ៊ុនចិនធំៗថ្មីៗបានឈានជជើងមកកម្ពុជាបណ្តើរៗហើយ។

យោងតាមប្រភពពីក្រុមមន្រ្តី និងផ្នែកឯកជនបានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុនចិនជាច្រើន ពិសេសក្រុមហ៊ុនធំៗថ្មីៗបានចូលមកកាន់កម្ពុជាកាន់តែច្រើនបណ្តើរៗហើយ ដោយសារក្រុមហ៊ុនទាំងនោះមើលឃើញកាលានុវត្តន៍ភាពរបស់កម្ពុជា ពិសេសទំនាក់ទំនងប្រៀបបីដូចដែកថែបរបស់មេដឹកនាំនៃប្រទេសទាំងពីរ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុនចិនថ្មីៗ ដែលចូលមកកម្ពុជា មានចំនួន៧ក្រុមហ៊ុន ដែលក្រុមហ៊ុនទាំងនោះមានបុត្រសម្ព័ន្ឋរាប់រយ ដោយពួកគេផ្តោត លើការវិនិយោគលើដំណាំកសិកម្ម សំណង់ អចលនទ្រព្យ និងវិស័យហេដ្ឋារចនាសម្ព័ន្ឋនានា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះ អ្នកវិនិយោគបរទេស ពិសេសអ្នកវិនិយោគចិន បានចាប់ផ្តើមវិលត្រលប់មក​កម្ពុជាឡើងវិញហើយ។

លោកបន្តថា “អ្នកវិនិយោគចាស់ៗ ដែលមានគំរោងនៅកម្ពុជា និងអ្នកវិនិយោគ ដែលមានគំរោងចង់វិនិយោគនៅកម្ពុជា បានវិលត្រលប់មកវិញ ពិសេសអ្នកវិនិយោគចិន ជប៉ុនជាដើម”។ លោកបន្តថា “ជាមួយគ្នានេះ អ្នកវិនិយោគជប៉ុនកាន់តែច្រើននឹងវិនិយោគ​នៅកម្ពុជា ដោយសារទីផ្សារកម្ពុជាមានភាពទាក់ទាញ ហើយពួកគេមិនបោះបង់ទីផ្សារនេះទេ”។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការអនុញ្ញាត្តឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់ប្រទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកដំណើរអន្តរជាតិចង់បាន។ លោកបន្តថា ការដែលថ្នាក់ដឹកនាំលើកលែង ការធ្វើចត្តាឡីស័កនេះ ឆ្លុះបញ្ចាំងពីការធ្វើយុទ្ឋនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានទទួលជោគ​ជ័យ និងអាចគ្រប់គ្រងជំងឺនេះបានហើយ ទើបសម្តេចបើកបែបនេះ។

លោកបន្តថា “នេះជាឱកាសល្អហើយ ដែលយើងអាចទទួលទេសច​រណ៍អន្តរជាតិ និងអ្នកវិនិយោគបរទេសអាចចូលមកកាន់កម្ពុជា ដែលពួកគាត់បានទន្ទឹងរង់ចាំជាយូរមកហើយ”។ លោកបន្តថា “អ្នកវិនិយោគខ្លះបានទទួលការអនុម័តគំរោងពីក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជារួចហើយ តែដោយសារជំងឺកូវីដពួកគេមិនហ៊ានធ្វើដំណើរ ដូច្នេះការបើកទូលាយនេះ ពួកគាត់នឹងមកកាន់កម្ពុជាឡើងវិញហើយ”។

ជាមួយគ្នានេះ ក្នុងជំនួបជាមួយលោកប្រាក់ សុខុនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកវ៉ាង យីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមានប្រសាសន៍ឲ្យដឹងថា ចិននឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជា និងពិចារណា បើកជើងហោះហើរផ្ទាល់ទាំងអស់រវាងប្រទេសទាំងពីរ។

លើសពីនេះប្រមុខការទូតចិន ក៏បានសន្យាសម្របសម្រួល ឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ ដោយការពេញចិត្តនូវការរីកចំរើននៃពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសាកលកូវីដ-១៩។

លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ចិន ចំពោះគម្រោងអភិវឌ្ឍន៍ហេ ដ្ឋារចនាសម្ព័ន្ធ និងគម្រោងដទៃទៀត ក៏ដូចជាកិច្ចខំប្រឹងប្រែង ក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺ កូវីដ-១៩ របស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here