ដោយៈគង់ សូរិយា
ព្រៃវែងៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកំពុងស្វែងរកថវិកា សម្រាប់គម្រោងសាងសង់កំណាត់ផ្លូវ តភ្ជាប់ស្រុកល្វាឯមទៅផ្លូវជាតិលេខ១ និងបន្ដទៅលេខ១១ ដែលធ្វើឲ្យក្រុងព្រៃវែងកាន់តែខិតកៀកនឹងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងក្នុងពិធីបើកសម្តោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូកន្លងមកថា គម្រោងសិក្សាកំណត់ផ្លូវនេះ គឺតភ្ជាប់ពីស្រុកល្វាឯម ទៅកាន់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ១១ មានប្រវែងសរុបជិត៣០គីឡូម៉ែត្រ។
សម្តេចបញ្ជាក់ថា “បើតាមការប៉ាន់ស្មាន គម្រោងនេះនឹងត្រូវប្រើប្រាស់ថវិកាប្រមាណ៧០លានដុល្លារ”។សម្តេចតេជោបន្តថា “បើយើងតភ្ជាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ នៅស្រុកល្វាឯមមកកាន់ព្រៃវែង វាមានចម្ងាញមិនដល់៣០គីឡូម៉ែត្រទេ ដែលវាកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវរកថវិកាដើម្បីធ្វើ”។
សម្ដេចតេជោហ៊ុន សែនបានបញ្ជាក់ទៀតថា ជាក់ស្ដែងរដ្ឋគ្រោងនឹងសង់ផ្លូវនេះ ដោយប្រើថវិកាជាតិផ្ទាល់ តែដោយសារកូវីដបានស្រូបថវិកាជាតិអស់ជាង ២៣០០លានដុល្លារ ទើបមិនអាចសាងសង់បាន ប៉ុន្តែយ៉ាងណាក៏ដោយ យើងមិនបោះបង់ចោលនូវគម្រោងការនេះទេ៕