វិភាគៈតម្លៃមិត្តភាពដែលមានតែលើបបូរមាត់

0

ដោយៈសម្លេងពីពលរដ្ឋកម្ពុជា

ភ្នំពេញៈ ទំនាក់ទំនងកម្ពុជា វៀតណាម មានសភាពដូចរឿងមួយពាន់មួយយប់ ហើយបើលើកឡើងពីប្រវត្តិសាស្រ្ត កម្ពុជាមានភាពឈឹចាប់លើសពីអ្វីដែលអាចទទួលយកបាន។

មានជាតិនៅប្រទេសជិតខាង ដែលជាប្រជាជាតិមួយលោភលន់ មានចំណេះដឹង តែអក្រមសីលធ៌មបានធ្វើឲ្យកម្ពុជារងគ្រោះ បន្តរងគ្រោះនិងការប្រមាទមើលងាយមិនចប់មិនចេះហើយ។

ប្រវត្តិសាស្រ្ត មិនអាចត្រលប់ក្រោយទេ វាមិនហូរត្រលប់វិញដូចទឹកទន្លេសាប ដែលហូរចូលពេលរដូវទឹកដំឡើង និងហូរចេញមកវិញនៅរដូវទឹកសម្រកទេ។

សារជាលើកដំបូង
នេះជាសារលើកដំបូងរបស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រតិកម្មធ្ងន់ៗ ទៅកាន់ឧត្តមសេនីយ៍ងូ ស៊ុនចៀនអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ក្នុងពិធីសម្ភោធ​ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១នាព្រឹកថ្ងៃទី៦ ធ្នូកន្លងមកនេះ។

ប្រតិកម្មរបស់សម្តេចចំពោះឧត្តមសេនីយ៍រូបនេះ ធ្វើឡើងបន្ទាប់ពីឧត្តមសេ​នីយ៍រូបនេះ បានចោទប្រកាន់កម្ពុជា ក្នុងសន្និសីទស្តីពីការប្រយុទ្ឋជំងឺឆ្លងតាមព្រំដែនវៀតណាមកម្ពុជា ដោយឧត្តមសេនីយ៍រូបនោះបាននិយា​យថា បើមិនប្រយ័ត្ន ជំងឺកូវីដ១៩ នឹងឆ្លងពីកម្ពុជាទៅកាន់វៀតណាម ដូចទឹកជំនន់ទន្លេមេគង្គ។

សម្តេចបន្តថា “ខ្ញុំដេកគិតហើយ ដេកគិតទៀតថា ហេតុអីបានជាឧ ត្តមសេនីយ៍រូបនេះ និយាយបែបនេះ”។ សម្តេចបន្តថា “ខ្ញុំស្នើទៅនាយករដ្ឋមន្រ្តីវៀតណាមឲ្យដកឧត្តមសេនីយ៍រូបនេះ គេដក ប៉ុន្តែដកពពីផ្កាយ២ ទៅផ្កាយ៣ និងឥលូវក្លាយជាអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម”។

សម្តេចហ៊ុន សែនបានបន្តថា “ឥលូវនៅសល់ពេលវេលា ដែលអាចកែតម្រូវបាន ឬសុំទោសបាន លោកឯងខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណឹង”។

សម្តេចបន្តថា ការលើកឡើងរបស់របស់មេទ័ពវៀតណាមនេះ គឺមិនអាចទទួលយកបានទេ ដែលតម្រូវឱ្យសម្តេចចេញមក និយាយវាយបងទៅវិញ ដើម្បីការពារកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជាពីការមើលងា​យនេះ។
ប៉ុន្តែសម្តេចក៏បានគូសបញ្ជាក់ដែរថា ការលើកឡើងរបស់សម្តេចនេះ គឺសំដៅតែលើបុគ្គលមេទ័ពវៀតណាម ង៉ូ ស៊ុនចៀន តែប៉ុណ្ណោះ មិនសំដៅទៅរដ្ឋាភិបាល និងគណបក្សកុំម្មុយនីស្តវៀតណាមឡើយ។

សម្តេចតេជោបានបន្តថា “កុំភាន់ច្រឡំ សម្តីរបស់ខ្ញុំមិនមែនតិះទៀនទៅលើវៀតណាមទាំងមូលនោះទេ គឺតិះទៀនលើឧត្តមសេនីយ៍ង៉ូ ស៊ុនចៀន ។សម្តេចតេជោបានថ្លែងថា “កម្ពុជាតូចល្អិត ក៏ប៉ុន្តែមិនមែនជាប្រភពជំងឺឆ្លងចូលទៅកាន់ប្រទេសវៀតណាម ឬទៅកាន់ប្រទេសថៃ ឬទៅកាន់ប្រទេសឡាវទេ”។

សម្តេចតេជោបន្ថែមថា “ថ្ងៃនេះខ្ញុំនិយាយ ដើម្បីបង្ហាញពីមោទភាពកម្ពុជា”។

សារព៌តមានខ្វះក្រមសីលធ៌មវិជ្ជាជីវៈ
បន្ទាប់ពីសម្តីរបស់ង៉ូ ស៊ុនចៀនលើកឡើង សារព៌តមានរបស់វៀតណាមជាច្រើនបានសរសេរ ដោយដកស្រង់សម្តីមេដឹកនាំកងទ័ពវៀតណាមរូបនេះ យកទៅចុះផ្សាយយ៉ាងព្រោងព្រាត ដោយមិនបានវិភាគពិចារណានូវសម្តីបុគ្គលម្នាក់ ដែលនិយាយដើម្បីតែភាពចំណេញ ដោយភ្លេចក្រមសីលធ៌ម​ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់។

មិនត្រឹមតែបញ្ហានេះមួយទេ ប៉ុន្តែស្ថាប័នសារព៌តមានប្រទេសជិតខាងកម្ពុជារូបនេះ និងស្ថាប័នសារព៌តមាននានា នៅលើពិភពលោកជាច្រើនទៀត បាន​និយាយបង្កាច់បង្ខូកម្ពុជា ជាប្រចាំ បើទោះបីជាពួកគេដឹងថា ពួកគេសរសេរ​ ដោយប្រាសចាកក្រមសីលធ៌មវិជ្ជាជីវៈក្តី ប៉ុន្តែពួកគេនៅតែសរសេរដោយប្រើអារម្មណ៍ និងប្រាសចាកមូលដ្ឋានក្រមសីលធ៌ម ក្នុងអាជីពមួយដែលគួរ​ទទួលបានការវិនិច្ឆ័យ ប្រកបដោយវិចារណៈញ្ញាណ និងប្រាស​ចាកនូវគុណតម្លៃក្នុងនាមជាមនុស្សជាតិ។

ទឹកចិត្តប្រជាជាតិកម្ពុជា
ក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ មិនចាំបាច់រំលឹកដល់រាប់រយឆ្នាំកន្លងមកនោះទេ ប៉ុន្តតែត្រឹម១០០ឆ្នាំចុងក្រោយនេះ ប្រវត្តិសាស្រ្តបានចារទុកនូវរឿង​រ៉ាវជាច្រើន ដែលវៀតណាមបានឈ្លានពានកម្ពុជា និងធ្វើសកម្មភាពអមនុ​ស្សធ៌មជាច្រើនមកលើប្រជាជាតិនេះ។ ផ្ទុយពីសន្តានចិត្តជាតិកម្ពុជា ដែលតែងប្រកាន់ខ្ជាប់នូវក្រមសីលធ៌ម សច្ចៈធ៌ម និងគុណតម្លៃចំពោះញាតិជិតខាងរបស់ខ្លួន។

ជាក់ស្តែងតីតសម្តេចព្រះបរមរតនៈកោដិ នរោត្តមសីហនុ ធ្លាប់បានជួយវៀតណាមឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន តាមរយៈផ្លូវលំហូជីម៉ិញ និងតាមរយៈជំនួយជាច្រើនទៀត ដែលជាសន្តានចិត្តមេដឹកនាំកម្ពុជា។

បើកុំតែកម្ពុជាផ្តល់នូវសម្បទានបែបនេះ ក៏វៀតណាមខាងជើង និងខាងត្បូងមិនអាចបង្រួបបង្រួមគ្នាបានឡើយ។

ការរលើកឡើងនេះ គ្រាន់តែជាផ្នែកតូចមួយនៃសម្បទាន និងសន្តានចិត្តដែលកម្ពុជាមានចំពោះវៀតណាម ប៉ុន្តែភាពជាជនជាតិមួយដែលបារាំងចាត់ទុកជាជនឧស្សាហ៍ និងឆ្លាតជាងគេក្នុងតំបន់ឥណ្ឌូចិន មិនដែលមើលឃើញពីគុណតម្លៃ និងដឹងគុណចំពោះកម្ពុជាម្តងណាឡើយ។

បំណងលេបឥណ្ឌូចិនៅតែបន្ត
ការចិញ្ចឹមចិត្តលេបឥណ្ឌូចិន របស់អតីតមេដឹកនាំវៀតណាម នៅតែបន្តរសរវើកក្នុងសន្តានចិត្តប្រជាជន និងមេដឹកនាំវៀតណាម ដែលប្រើប្រាស់គ្រប់យុទ្ឋសាស្រ្ត ដើម្បីលេបប្រទេសឡាវ និងកម្ពុជា តាមរយៈការសាបព្រូសមនោគមវិជ្ជាមួយ ដែលគេឲ្យឈ្មោះថា “បន្ទន់ឆ្អឺង ដើម្បីលេបទាំងមូ​ល” ។ដោយយកលទ្ឋិព្រះពុទ្ឋសាសនាបែបហិនយាន ដើម្បីឲ្យផ្នត់គំនិតខ្មែរ និងឡាវទន់ជ្រាយ ហើយលេបយកនៅថ្ងៃណាមួយ។

គំនិតនិងទស្សនទាន ដែលអតីតមេដឹកនាំវៀតណាមបាន និងកំពុងប្រើប្រាស់ បាននិងកំពុងបញ្រ្ជាបបន្តិចម្តងៗ ក្នុងដែនដីឥណ្ឌូចិន។

កាលពីចុងសតវត្សរ៍ទី១៩ ជាតិសាសន៍នៅប្រទេសពីរជិតខាងកម្ពុជា ធ្លាប់បានគូសវាសបន្ទាត់ព្រំដែនកម្ពុជារួចហើយ ដោយពួកគេបានយកទន្លេមេគង្គធ្វើជាបន្ទាត់ព្រំដែនរបស់ពួកគេ។

គំនិតលេបត្របាក់ទឹកដី និងឈ្លានពានប្រទេសមួយ មិនមែនជាគំនិតរបស់ជនមានអរិយធ៌មទេ ហើយវាហួសសម័យទៅហើយ សម្រាប់សតវត្សរ៍ទី២១នេះ ព្រោះពិភពលោកបាននិងកំពុងចងក្រងគ្នា ជាសហគមន៍រួម ដូចជាសហគមន៍អឺរ៉ុប សហគមន៍អាស៊ាន ដែលមានគោលដៅពង្រឹង និងពង្រីកសុខដុមនីយកម្មរួមគ្នា ក្នុងនាមជាជាតិសាសន៍៍ថ្លៃថ្នូរ និងស៊ីវិល័យ។

គួរលើកដំកើងបុគ្គលង៉ូ ស៊ុនចៀនជាប្រធានាធិបតី
រៀបរាប់ក្នុងថ្ងៃសន្និសីទស្តីពី ការប្រយុទ្ឋប្រឆាំងជំងឺឆ្លងតាមព្រំដែនកម្ពុជា វៀតណាម ដោយសម្តីមួយចំនួនគ្មានការទទួលខុសត្រូវ និងប្រមាទកម្ពុជា ង៉ូ ស៊ុនចៀន ត្រូវបានសម្តេចស្នើឲ្យដក ប៉ុន្តែថ្នាក់ដឹកនាំយោធាវៀតណាមបានដកបុគ្គលរូបនេះចេញពីព្រំដែន ទៅកាន់ក្រុងហាណូយ ដោយដំឡើងឋានៈពីឧត្តមសេនីយ៍ផ្កាយ២ ទៅជាឧត្តមសេនីយ៍ផ្កាយបី និងត្រូវបាន​ដំឡើងឋានៈ ជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម។

ទោះបីជាសារអ្វីក៏ដោយ ការផ្លាស់ប្តូរនិងដំឡើងឋានៈនេះ មានន័យរួចទៅហើយថា មេដឹកនាំវៀតណាម បានឲ្យតម្លៃបុគ្គលដ៏ឆើតឆាយនេះ ប៉ុន្តែបើតាមយោបល់ស្មេរ គឺបុគ្គលបែបនេះ មិនគួរដំឡើងឋានៈប៉ុណ្ណឹងនោះទេ តែគួរត្រូវបានដំឡើងជាប្រធានាធិបតីវៀតណាម រយៈពេល២៤ម៉ោងតតែ ម្តង ទើបស័ក្តិសមនឹងគុណសម្បត្តិបុគ្គលបែបនេះ។

ក្នុងនាមប្រជាពលរដ្ឋកម្ពុជាម្នាក់ សូមផ្ញើរសារទៅកាន់លោកង៉ូ ស៊ុនចៀននូវពាក្យពុំនោលមួយរបស់កម្ពុជា គឺ“សម្តី សជាតិ មាយាទ សពូជ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here