រដ្ឋាភិបាលចិនបញ្ចេញសាច់ប្រាក់ជិត២០០ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

0

ដោយៈសុខុម

ប៉េកាំងៈ ធនាគារកណ្តាលរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃច័ន្ទ ទី៦ ធ្នូ ថា ខ្លួននឹងកាត់បន្ថយចំនួនសាច់ប្រាក់ ដែលធនាគារនានាត្រូវរក្សាទុកក្នុងទុនបម្រុង ហើយការកាត់បន្ថយបែបនេះគឺជាលើកទី២ សម្រាប់ឆ្នាំនេះ ដោយបញ្ចេញសាច់ប្រាក់ដល់ទៅ១,២ទ្រីលានយ័ន (១៨៨ពាន់លានដុល្លារអាមេរិក) សម្រាប់រយៈពេលវែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងបង្អង់ល្បឿន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល បានសរសេរបង្ហោះលើគេហទំព័ររបស់ខ្លួនថា ខ្លួននឹងកាត់បន្ថយអនុបាត ប្រាក់បម្រុងកាតព្វកិច្ច (RRR) សម្រាប់ធនាគារនានាចំនួន៥០ពិន្ទុ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ ធ្នូ តទៅ។

សេដ្ឋកិច្ចរបស់មហាយក្សចិន ដែលបានស្ទុះងើបឡើងវិញគួរឱ្យភ្ញាក់ផ្អើល ពីការដាំក្បាលចុះបង្កឡើង ពីការរីករាលដាលវីរុសកូវីដ-១៩ បានបង្អង់ល្បឿង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារវិស័យផលិត​កម្មធ្លាក់ចុះ បញ្ហាបំណុលក្នុងទីផ្សារអចលនទ្រព្យ និងការផ្ទុះឡើងវីរុសកូវីដ-១៩ ដ៏រ៉ាំរ៉ៃ។

អ្នកវិភាគមួយចំនួនជឿថា កំណើនសេដ្ឋកិច្ចចិន អាចធ្លាក់ចុះបន្ថែមទៀតក្នុងត្រីមាសទី៤ នេះពី៤,៩%ក្នុងត្រីមាសទី៣ បើទោះបីជាកំណើនពេញមួយឆ្នាំ អាចនឹងរក្សាបានក្នុងអត្រាប្រមាណ៨%ក្ដី។

លោក Wen Bin អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅធនាគារ Minsheng Bank បានលើកឡើងថា “ការកាត់បន្ថយRRR នឹងជួយសម្រាលសម្ពាធ ដែលមានទៅលើសេដ្ឋកិច្ច និងធ្វើឱ្យខ្សែកោងកំណើនសេដ្ឋកិច្ចមានភាពរលូន”។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “ទោះបីជាមានសម្ពាធតិចតួចនៅក្នុងការសម្រេចគោលដៅ កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះក្ដី ក៏សេដ្ឋកិច្ចនឹងទទួលរងសម្ពាធ និងបញ្ហាប្រឈមធំៗនៅឆ្នាំក្រោយ”។
រដ្ឋាភិបាលចិន បានកំណត់គោលដៅកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំកម្រិតមធ្យម ត្រឹមតែប្រមាណលើ៦%ប៉ុណ្ណោះសម្រាប់ឆ្នាំនេះ។

ការកាត់បន្ថយនេះគឺជាលើកទី២ហើយក្នុងឆ្នាំនេះ បន្ទាប់ពីមានការកាត់បន្ថយទ្រង់ទ្រាយធំ ស្រដៀងគ្នាកាលពីខែកក្កដា។

នាយករដ្ឋមន្ត្រីចិន លោក លី ឃឹឈាង បានគូសបញ្ជាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ការកាត់បន្ថយនេះ គឺជាមធ្យោបាយមួយដើម្បីបង្កើនការគាំទ្រសម្រាប់សេដ្ឋកិច្ច ជាពិសេសក្រុមហ៊ុនតូចៗ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here