ដោយៈគង់ សូរិយា
ភ្នំពេញៈ គំរោងហេដ្ឋារចនាសម្ព័ន្ឋទីក្រុងកោះនរា ដែលវិនិយោគទឹកប្រាក់រហូតដល់២៥០០លានដុល្លារ កំពុងសម្រេចបាននូវវឌ្ឍនភាពយ៉ាងល្អប្រសើរ ដោយរហូតមកទល់ពេលនេះ ការងារបានសម្រេច៥០ភាគរយហើយ។
លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៨ ធ្នូកន្លងមកថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទាំងមូលបានដំណើរការល្អប្រសើរ ដែលរហូតមកទល់ពេលនេះការចាក់ដីបំពេញ សម្រេចបាន៩០ភាគរយហើយ និងការងារសាងសង់ស្ពាន ច្រាំងទប់ទន្លេរ និងការងារជាច្រើនទៀតរួមមានប្រព័ន្ឋទឹក ភ្លើងសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរផងដែរ។
លោកបន្តថា “បើយើងគិតពីហេដ្ឋារចនាសម្ព័ន្ឋទាំងមូល គឺសម្រេចបានតាមផែនការ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខនេះ”។ លោកបន្តថា “ការងារតបណ្តាញទឹកស្អាត អគ្គិសនីបានបញ្ចប់បណ្តើរៗហើយ ដែលអ្នកមានដីនៅលើទីក្រុងនេះ អាចសាងសង់គំរោងពួកគេបានបណ្តើរៗហើយ”។
ទីក្រុងកោះនរា ស្ថិតក្នុងខ័ណ្ឌច្បារអំពៅ ដែលវិនិយោគដោយក្រុមហ៊ុនOCIC ដោយទីក្រុងនេះមានទំហំ១២៥ហិកតា។
លោកទូច សំណាងបានបន្តថា ការងាររបស់យើងបាននិងកំពុងប្រព្រឹត្តទៅដោយរលូន ដែលបច្ចុប្បន្នចំនួនកម្មករធ្វើការបានកើនឡើង ដោយមិនមានអ្នកណាម្នាក់ បានឆ្លងជំងឺកូវីដ១៩នោះទេ។ លោកបន្តថា ទីក្រុងនេះ នឹងមានការសាងសង់អគារកប់ពពកថ្មីមួយ ដែលនឹងជាLand Markថ្មីប្រចាំរាជធានីភ្នំពេញ ស្របពេលគំរោងនេះបានរៀបចំឌីសាញរួចហើយ៕