ក្រុមហ៊ុនជប៉ុន Toyota ផ្ដួលក្រុមហ៊ុនអាមេរិក GM ជាលើកដំបូងក្នុងពេលជិត១សតវត្ស

0

ដោយ៖ សុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp បានវ៉ាឈ្នះក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors Co (GM) ក្លាយជាក្រុមហ៊ុនផលិតរថយន្តលក់បានច្រើនបំផុតលើទឹកដីសហរដ្ឋអាមេរិក ហើយនេះជាលើកទី១ ក្នុងប្រវត្តិសាស្ត្រដែលក្រុមហ៊ុន GM ធ្លាក់ពីតំណែងកំពូលនេះចាប់តាំងពីឆ្នាំ១៩៣១ ពោលគឺ៩១ឆ្នាំមុន។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី៥ មករា នេះឱ្យដឹងថា ក្រុមហ៊ុន Toyota លក់រថយន្តបានចំនួន២,៣៣២លានគ្រឿងនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១ បើធៀបនឹងក្រុមហ៊ុន GM ដែលលក់រថយន្តបាន២,២១៨លានគ្រឿង។

ការលក់របស់ក្រុមហ៊ុន GM នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ១៣%សម្រាប់ឆ្នាំ២០២១ ទាំងមូល ហើយបានធ្លាក់ចុះ៤៣%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ ខណៈការលក់របស់ក្រុមហ៊ុន Toyota បានកើនឡើង១០%។ ការលក់របស់ក្រុមហ៊ុន GM ក៏បានធ្លាក់ចុះខ្លាំងដែរក្នុងឆ្នាំ២០១០ ដោយលក់បានតែ២,២០២លានគ្រឿងប៉ុណ្ណោះ។

សម្រាប់ឆ្នាំ២០២០ទាំងមូល ការលក់របស់ក្រុមហ៊ុន GM នៅសហរដ្ឋអាមេរិក បានចំនួន២,៥៥លានគ្រឿង បើធៀបនឹងក្រុមហ៊ុន Toyota ដែលលក់បាន២,១១លានគ្រឿង និងក្រុមហ៊ុន Ford Motor Co ដែលលក់បាន២,០៤លានគ្រឿង។

ក្នុងឆ្នាំ២០២១ ឧស្សាហកម្មផលិតរថយន្តបានជួបវិបត្តិបន្ទះឈីបដែលត្រូវប្រើប្រាស់ច្រើននៅក្នុងរថយន្ត ជាហេតុបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តនានាផ្តោតតែទៅលើម៉ូដែលរថយន្តដែលផ្ដល់ប្រាក់ចំណេញច្រើនបំផុតរបស់ខ្លួន។

ក្រុមហ៊ុន GM បាននិយាយកាលពីថ្ងៃអង្គារ ទី៤ មករា ថា ខ្លួនរំពឹងថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងជំរុញការលក់រថយន្តធុនស្រាលសរុបរបស់សហរដ្ឋអាមេរិក ពីប្រមាណ១៥លានគ្រឿងក្នុងឆ្នាំ២០២១ ឱ្យឈានដល់ប្រមាណ១៦លានគ្រឿងនៅឆ្នាំ២០២២។

យោងតាមទិន្នន័យពីសារព័ត៌មានរថយន្ត Automotive News បង្ហាញថា ក្រុមហ៊ុន GM គឺជាក្រុមហ៊ុនផលិតរថយន្តលក់ធំបំផុតនៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៣១ ដែលកាលនោះក្រុមហ៊ុននេះបានវ៉ាឈ្នះក្រុមហ៊ុន Ford៕

LEAVE A REPLY

Please enter your comment!
Please enter your name here