ដោយៈជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យទេសចរណ៍បានអះអាងថា ទីផ្សារស ណ្ឋាគារក្នុងក្រុងសៀមរាប បាននិងកំពុងងើបឡើងវិញបណ្តើរៗ ដោយបច្ចុប្បន្នសណ្ឋាគារប្រមាណ៨០ភាគរយ បានបើកទ្វារទទួលទេសចរណ៍ជាតិ និងអន្តរជាតិ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន ដែលបានបើកទ្ចារសណ្ឋាគាររបស់ខ្លួន នៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀល ថ្ងៃទី៥ មករាកន្លងមកថា ទីផ្សារសណ្ឋាគារនៅក្រុងសៀមរាប បានដំណើរការបណ្តើរៗឡើងវិញ ជាមួយការស្វាគមន៍ទេសចរណ៍ក្នុងស្រុក នាពេលចុងសប្តាហ៍ និងពិធីបុណ្យជាតិនានា។
លោកស្រីបន្តថា “ការបើកដំណើរការនៅរដូវបុណ្យទាន គឺយើងអាចរកចំណូល បានសំរាប់ទប់ទល់រយៈពេល១ខែ ខណៈភ្ញៀវទេសចរណ៍អន្តរជាតិនៅមានកម្រិតនៅឡើយ”។ លោកស្រីបានបន្តថា “មានការកក់សំបុត្រយន្តហោះពីទេសចរណ៍ មកពីប្រទេសក្នុងតំបន់ និងភ្ញៀវមកពីតំបន់អឺរ៉ុបផងដែរ ប៉ុន្តែកំនើននៅមានចំនួនតតិចតួចនៅឡើយ”។
លោកស្រីបន្តថា ការមកទល់នៃភ្ញៀវទេសចរណ៍អន្តរជាតិ វាអាស្រ័យផងដែរលើស្ថានភាព នៃការរីករាលដាលមេរោគអូមីក្រុងនៅតាមតំបន់ និងប្រទេសនិមួយៗ បើទោះជាយើងបើកចំហរក្តី ប៉ុន្តែពួកគេត្រុវធ្វើចត្តាឡីស័ក ពេលត្រលប់ទៅកាន់ប្រទេសពួកគេវិញ។
|ជាមួយគ្នានេះ លោកលូ ម៉េង ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា គុណភាពសេវាកម្មទេសចរណ៍៍ បាននិងកំពុងមានភាពប្រសើរឡើង ដោយរយៈពេលពីរឆ្នាំមកនេះ អ្នកនៅក្នុងវិស័យនេះបានពង្រឹងការរៀនសូត្ររបស់ខ្លួន ប៉ុន្តែបើនិយាយពីទីផ្សារទេសចរណ៍ សេវាកម្មបដិសណ្ឋារកិច្ច នៅក្រុងសៀមរាប និងរាជធានីភ្នំពេញ មិនទាន់មានសញ្ញាល្អប្រសើរនៅឡើយទេ។
លោកបន្តថា “ប៉ុន្តែយ៉ាងណាមានសញ្ញាល្អជាងមុនគ្រប់ផ្នែក តែយើងត្រូវការពេលវេលាបន្ថែមទៀត សម្រាប់ធ្វើឲ្យទីផ្សារសណ្ឋាគារ កាន់តែល្អប្រសើរឡើង”៕