ដោយ៖ សុផារី
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា សម្រាប់កម្ពុជា យើងទាំងអស់គ្នានឹងចាប់ផ្តើមឆ្នាំ២០២២នេះ ជាមួយនឹងសុទិដ្ឋិនិយមជាច្រើន បើទោះជាយើង ក៏ដូចជាបណ្តាប្រទេសដទៃទៀតក្នុងលោក នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។
ដោយមិននិយាយពីវិស័យធំៗ ដែលក្នុងនោះរួមមាន “សន្តិសុខជាតិ” “ស្ថិរភាពនយោបាយ” “ការងើបឡើងវិញនៃសេដ្ឋកិច្ច” “កិច្ចការសង្គមសេដ្ឋកិច្ច” និងបណ្តាវិស័យផ្សេងៗទៀត លោកបានលើកយកទិដ្ឋភាពសុទិដ្ឋិនិយម ដែលនឹងស្តែងចេញពីព្រឹត្តិការណ៍ធំៗចំនួន០៣។
ទី១. ក្នុងបរិបទនៃការរស់នៅក្នុង”គន្លងថ្មី” តាមរយៈសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងការចូលរួមរបស់វីរជនជួរមុខ និងប្រជាពលរដ្ឋគ្រប់រូបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយគ្នានឹងការមើលឃើញពីដំណើរការជាប្រក្រតីនៃការប្រារព្ធកម្មវិធីឆ្លងឆ្នាំនៅតាមបណ្តាទីតាំងនានាក្នុងប្រទេស លោកមានសុទិដ្ឋិនិយមថា ជីវភាពប្រជាពលរដ្ឋយើង បាននិងកំពុងវិលត្រលប់មកកាន់ប្រក្រតីភាពវិញ បើទោះជាពេលនេះ មិនដូចកាលមុនពេលផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ក្តី។ ប៉ុន្តែស្របពេលដែលយើងកំពុងតែសាទរនូវការងើបឡើងវិញនេះ យើងក៏មិនត្រូវភ្លេចបន្តចូលរួមអនុវត្តតាមវិធានសុខាភិបាល បន្តប្រុងប្រយ័ត្ន និងបន្តចូលរួមតាមគ្រប់លទ្ធភាពក្នុងការរក្សាភាពជោគជ័យនោះទេ។
ទី២. សម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នា២០២២នេះ កម្ពុជាបានដាក់ចេញនូវមូលបទ “អាស៊ាន A.C.T.៖ ស្គាល់បញ្ហា និងរួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា” ក៏ដូចជារបៀបវារៈ ដែលក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន នឹងអាចដឹកនាំកិច្ចពិភាក្សា ឈានទៅសម្រេចបានកុងសង់ស៊ុសលើលទ្ធផល ដែលជាឧត្តមប្រយោជន៍ដល់អាស៊ាន និងប្រជាជននៃអាស៊ានទាំងមូលផងដែរ។ ប្រធានបទនានា (ដែលក្នុងនោះមានប្រធានបទដែលត្រូវបានបន្តពីឆ្នាំមុនៗ ដែលមិនទាន់មានការព្រមព្រៀង) រួមមានទាំងបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច “ការងើបឡើងវិញក្រោយវិបត្តិកូវីដ ១៩” និងសង្គមវប្បធម៌ នឹងត្រូវលើកមកពិភាក្សា។ លោកថា ជាមួយស្មារតីសហគមន៍ និងភាពជាស្នូលរបស់អាស៊ាន កិច្ចពិភាក្សានឹងមានការវិវឌ្ឍន៍ល្អក្នុងឆ្នាំ២០២២នេះ បើទោះជាបញ្ហាទាំងនោះមានភាពលំបាកយ៉ាងណាក៏ដោយ។
ទី៣. សម្រាប់ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២២ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលបានចារិកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជានឹងធ្វើដំណើរទៅកាន់ការិយាល័យបោឆ្នោតក្នុងឃុំសង្កាត់រៀងៗខ្លួន ដើម្បីបោះឆ្នោតដោយសេរី យុត្តិធម៌ និងសម្ងាត់ ជ្រើសរើសអ្នកដឹកនាំមូលដ្ឋានរបស់ខ្លួនក្នុងចំណោមគណបក្សចូលរួមប្រកួតប្រជែងជាច្រើន ដែលខ្លួនជឿថា មានសមត្ថភាពបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនៅក្នុងអាណត្តិ ២០២២ ២០២៧ ខាងមុខ។
យ៉ាងណាក្តី លោកថា កម្ពុជាមានបញ្ហាសេសល់ច្រើនដើម្បីបន្តដោះស្រាយ មិនថាក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម តែនៅមានសុទិដ្ឋិនិយមខ្ពស់ចំពោះអ្វី ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ជាពិសេសការគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធិភាពនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ នាពេលថ្មីៗនេះ៕