ប្រធានាធិបតីស្រីលង្កា ស្នើសុំឱ្យមហាមិត្តចិនយោគយោល់និងជួយរៀបចំការសងបំណុលឡើងវិញ

0

ដោយៈសុខុម

កូឡុំបូ: ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានស្នើសុំឱ្យមហាមិត្តចិនយោគយល់ និងជួយរៀបចំការសងបំណុលឡើងវិញ ខណៈប្រទេសដែនកោះមួយនេះ កំពុងជួបវិបត្តិហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលខុទ្ទកាល័យប្រធានាបានចេញកាលពីថ្ងៃអាទិត្យ ទី៩ មករា។

លោក Gotabaya Rajapaksa បានធ្វើការស្នើសុំបែបនេះ អំឡុងជំនួប ជាមួយរដ្ឋមន្ត្រីការបរទេសចិនលោកWang Yi ក្នុងរដ្ឋធានីកូឡុំបូ កាលពីថ្ងៃអាទិត្យដដែល។

ក្រុមអ្នកវិភាគលើកឡើងថា ប្រទេសស្រីលង្កា ទទួលបានឥណទានការប្រាក់ទាប ជាច្រើនពាន់លានដុល្លារអាមេរិក ពីប្រទេសចិន ប៉ុន្តែបច្ចុប្បន្នស្រីលង្កា កំពុងជាប់ផុងក្នុងវិបត្តិរូបិយប័ណ្ណបរទេស ដែលធ្វើឱ្យប្រទេសដែនកោះមួយនេះ ជិតដល់ពេលខកខានសងបំណុលតាមពេលវេលាកំណត់។

តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ លោក Gotabaya Rajapaksa បានលើកឡើងថា “លោកប្រធានាធិបតីបានគូសបញ្ជាក់ថា ប្រទេសស្រីលង្កា នឹងមានស្ថានភាពធូរស្រាលច្រើន ប្រសិនបើមានការផ្ដោតយកចិត្តទុកដាក់ លើការរៀបចំការសងបំណុលឡើងវិញ ដើម្បីជាដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ច ដែលបានកើតឡើង ក្នុងពេលកំពុងប្រឈមមុខនឹងការរីករាលដាលវីរុសកូវីដ-១៩” ប្រទេសចិន គឺជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេទី៤ របស់ប្រទេសស្រីលង្កា បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រទេសជប៉ុន។

ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានផ្តល់ប្រាក់កម្ចីដល់ប្រទេសស្រីលង្កា រហូតដល់ទៅជាង៥ពាន់លានដុល្លារអាមេរិក សម្រាប់យកមកស្ថាបនាផ្លូវហាយវ៉េ កំពង់ផែ ព្រលានយន្តហោះ និងរោងចក្រថាមពលដើរដោយធ្យូងថ្ម។

ប៉ុន្តែក្រុមអ្នករិះគន់បានចោទប្រកាន់ថា ប្រាក់កម្ចីទាំងអស់នោះ ត្រូវបានប្រើសម្រាប់គម្រោងធំៗ ដែលផ្ដល់ផលចំណេញទាប ហើយការលើកឡើងបែបនេះ ត្រូវបានប្រទេសចិន បដិសេធចោលទាំងស្រុង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងក្នុងសន្និសីទនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃច័ន្ទ ទី១០ មករា ថា “ប្រទេសចិន តែងតែជួយប្រទេសស្រីលង្កា អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនអស់ពីលទ្ធភាពដែលយើងអាចធ្វើបាន។ លោកបន្តថា​ “យើងនឹងបន្តជួយតទៅទៀតនៅថ្ងៃខាងមុខ”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here