ដោយៈសុខុម
អន្តរជាតិ: អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយ បានទម្លាយឱ្យដឹងថា បណ្ដាក្រុមហ៊ុនអាមេរិក នៅតែបន្តនាំចូលឈើម៉ៃសាក់ ដែលជាប្រភេទឈើប្រណីត មានតម្លៃពីប្រទេសមីយ៉ាន់ម៉ា បើទោះបីជាប្រទេសនេះទទួលរងការដាក់ទណ្ឌកម្ម ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្រោយយោធាមីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារដណ្ដើមអំណាចកាលពីដើមឆ្នាំ២០២១ យ៉ាងណាក្ដី។
អង្គការដែលមានឈ្មោះថា “យុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា” ឬ Justice for Myanmar ខាងលើនេះបានស្រាវជ្រាវរកឃើញថា បណ្ដាក្រុមហ៊ុនអាមេរិក បាននាំចូលឈើប្រណីតពីប្រទេសមីយ៉ាន់ម៉ា លើកចុងក្រោយអំឡុងខែធ្នូ ចុងឆ្នាំ២០២១ ទោះបីជាប្រទេសនេះ បានទទួលរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក កាលពីខែមេសា ក្ដី។
តាមរយៈរបាយការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី១១ មករា អង្គការនេះបានលើកឡើងថា ក្រុមហ៊ុនទាំងនោះទំនងជាគេចពីទណ្ឌកម្មដោយការទិញតាមរយៈឈ្មួញកណ្ដាល។
អង្គការនេះនិយាយថា ផ្អែកតាមតួលេខពីប្រព័ន្ធទិន្នន័យពាណិជ្ជកម្មពិភពលោក Panjiva បង្ហាញថា ឈើសរុបជិត១.៦០០តោនបានធ្លាក់ដល់ដៃបណ្ដាក្រុមហ៊ុនអាមេរិក នៅចន្លោះខែកុម្ភៈ ដល់ខែវិច្ឆិកា ឆ្នាំ២០២១។
អង្គការនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក និងបណ្ដារដ្ឋាភិបាលដទៃទៀត ជួយបង្ក្រាបការជួញដូរឈើម៉ៃសាក់ទាំងនេះ ដើម្បីទប់ស្កាត់កុំឱ្យមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា ទទួលបានប្រភពហិរញ្ញវត្ថុ ដែលពង្រឹងការកាន់អំណាចរបស់ខ្លួន។
របាយការណ៍ដដែលគូសបញ្ជាក់ថា “ឈើទាំងនោះទំនងជាត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសទី៣ ដូចជាប្រទេសចិន ថែមទៀតផង”។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដោយដាក់បម្រាមមិនឱ្យមានការទាក់ទងជាមួយក្រុមហ៊ុន Myanmar Timber Enterprise ដែលគ្រប់គ្រងដោយរដ្ឋ ស្ថិតក្រោមចំណុះក្រសួងធនធានធម្មជាតិ និងអភិរក្សបរិស្ថានរបស់ប្រទេសនេះ។ ក្រុមហ៊ុននេះ គ្រប់គ្រងការនាំចេញឈើទាំងអស់ពីប្រទេសមីយ៉ាន់ម៉ា ហើយលក់ទៅឱ្យក្រុមហ៊ុនឯកជនតាមរយៈការដេញថ្លៃ។
សហភាពអឺរ៉ុប ក៏បានដាក់ទណ្ឌកម្មស្រដៀងគ្នា លើប្រទេសមីយ៉ាន់ម៉ា កាលពីខែមិថុនា ឆ្នាំ២០២១៕ Aljazeera៕