ស្មេរឯករាជ្យៈ តើការសាងសង់ស្ពានអាកាសរកេតរកូតរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាការដើរតាមផែនការមេអភិវឌ្ឍន៍ទីក្រុង?

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ តើស្ពានអាកាសខ្លីៗ រកេតរកូតប៉ុន្មានទៀត នឹងត្រូវសាងសង់លើមហាវិថីសហព័ន្ឋរុស្ស៊ី? ខណៈផ្លូវដ៏មមាញឹកនេះ មានស្ពានអាកាសចំនួនបីរួចហើយ បានបញ្ចប់ការសាងសង់ និងស្ពានថ្មីមួយទៀតត្រៀមសាងសង់នាពេលខាងមុខ។

ជាប្រចាំមហាវិថី ដែលតភ្ជាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅកាន់ផ្លូវជាតិលេខ៣ លេខ៤ និងតភ្ជាប់មកកាន់កណ្តាល រាជធានីភ្នំពេញនេះ មានចរាចរណ៍យ៉ាងមមាញឹក ដែលទិដ្ឋភាពជាក់ស្តែង ពេលអ្នកធ្វើដំណើរចុះពីស្ពានអាកាសតិចណូ ពួកគេបានស្ថិតនៅក្នុងជំនន់ចរាចរណ៍ដ៏មមា​ញឹក ហើយស្ពានអាកាស៧មករា (ស្ពានពេទ្យ លោកសង្ឃ) និងស្ពានអាកាសទី៣ គឺស្ពានអាកាសផ្សារដីហុយ នៅតែមិនអាចដោះស្រាយបញ្ហាលំហូរចរាចរណ៍បានដដែល។

សំណួរនៅទីនេះ តើរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ស្ពានតាមការនឹកឃើញ ឬបានពិចារណា ទៅលើផែនការមេអភិវឌ្ឍន៍ ទីក្រុងច្បាស់លាស់ ឬនៅបន្តអង្គុយបក់ផ្សែង ដែលមានន័យថា មានការកកស្ទះនៅទីណាសាងសង់ស្ពាននៅទីនោះ ជាជាងគិតពីចក្ខុវិស័យចំពោះមុខថា គួរតែរៀបចំផែនការជាមុន ជាជាងរង់ចាំដោះស្រាយបញ្ហានៅពេលក្រោយ។

ដើមឡើយរាជរដ្ឋាភិបាល គ្រោងសាងសង់ស្ពានអាកាស លើផ្លូវរថភ្លើងចាស់ ចាប់ពីរាជាយក្សស្ម័យយាន ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីសម្រួលលំហូរចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ លើមហាវិថីសហព័ន្ឋរុស្ស៊ី ប៉ុន្តែគំរោងនេះត្រូវបានប្រកាស បោះបង់ចោល ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដ៏គួរឲ្យសោកស្តាយ ខណៈអ្នកជំនាញផ្នែកនគរូបនីយកម្មទីក្រុង ធ្លាប់បានកោតសរសើរ និងលើកទឹកចិត្តពីផែនការអភិវឌ្ឍនេះ។

ខណៈបច្ចុប្បន្នរាជធានីភ្នំពេញ មានប្រជាជនរស់នៅប្រមាណ៣លាននាក់ និងប្រជាជនប្រមាណ៣០០,០០០នាក់ បានហូរចូលមករស់នៅទីក្រុងនេះជារៀងរាល់ឆ្នាំ ការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា នៅឆ្នាំ២០៣០ ប្រជាជនរស់នៅរាជធានីភ្នំពេញ នឹងកើនដល់៤,៥ ទៅ៥លាននាក់ បញ្ហាចរាចរណ៍ នឹងក្លាយជាឧបសគ្គមួយរារាំងការអភិវឌ្ឍ និងបញ្ហាបំពុលបរិស្ថាន នឹងកើនឡើងកាន់តែអាក្រក់។

ហេតុនេះ តើរដ្ឋបាលរាជធានីភ្នំពេញ គួរមានចក្ខុវិស័យវែងឆ្ងាយជាងនេះ ដោយសាងសង់ស្ពានអាកាសវែងៗ ដើម្បីសម្រួលចរាចរណ៍ឬទេ? ឬបន្តសាងសង់ស្ពានអាកាស “កញ្ចឹប កញ្ចុបបែបនេះ” ដែលការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋបែបនេះ មិនអាចដោះស្រាយបញ្ហាបានរយៈពេលវែង និងអាចប្រឈមមុខ នឹងការវាយកំទេចចោលនាពេលអនាគត?។

នៅឆ្នាំ២០៣០ លំហូរចរាចរណ៍ពីផ្លូវជាតិសំខាន់ៗ ចូលមកកាន់រាជធានីភ្នំពេញ នឹងមានសភាពកាន់តែអាក្រក់ ជាក់ស្តែងបច្ចុប្បន្នផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ១ បានរងភាពកកស្ទះបណ្តើរៗរួចទៅហើយនាពេលបច្ចុប្ប​ន្ននេះ។

ការសិក្សាលំហូរចរាចរណ៍ សោភ័ណភាពរាជធានីភ្នំពេញ និងផែនការអភិវឌ្ឍន៍រយៈពេលវែង គួរស្ថិតក្នុងការពិចារណា ជាជាងដោះស្រាយបញ្ហាបានត្រឹមរយៈពេលមួយអម្សមខ្លោច គួរតែជាអាទិភាព ខណៈការធ្វើដំណើរ​របស់ពលរដ្ឋ ការចតយានយន្តគ្មានសណ្តាប់ធ្នាប់ និងការមិនយល់ដឹងពីវិធី​សាស្រ្តប្រើប្រាស់ផ្លូវថ្នល់ នៅតែជាបញ្ហាប្រឈមធំមួយរបស់អជ្ញាធររាជធានីភ្នំពេញដែលត្រូវដោះស្រាយ។

ការសិក្សាពីកំនើនប្រជាសាស្រ្តក្នុងទីក្រុង ការសិក្សាពីផែនការហេដ្ឋារចនាសម្ព័ន្ឋច្បាស់​លាស់ ការសិក្សាពីផែនការអភិវឌ្ឍន៍បៃតង និងជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព គួរស្ថិតក្នុងផែនការអាទិភាព ជាជាងបន្តអង្គុយបក់ផ្សែង គួរតែផែនការអាទិភាព និងពិចារណាឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here