រដ្ឋាភិបាលឡាវបង្កើនចំនួនភាគហ៊ុនដែលខ្លួនកាន់កាប់លើកំពង់ផែសមុទ្រវៀតណាម Vung Ang រហូតដល់ ៦០ភាគរយ

0

ដោយៈសុខុម

វៀងចន្ទន៍: រដ្ឋាភិបាលឡាវ នៅពេលនេះ បានបង្កើនភាគហ៊ុនដែលខ្លួនកាន់កាប់លើ កំពង់ផែសមុទ្រវៀតណាម Vung Ang ពី ២០% រហូតដល់ ៦០%។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១១ មករា។

យោងតាមការចុះផ្សាយ របស់សារព័ត៌មានវៀតណាម Vietnam Plus ឱ្យដឹងថា កិច្ចព្រមព្រៀងផ្ទេរភាគហ៊ុន សម្រាប់រដ្ឋាភិបាលឡាវ កាន់កាប់៦០% លើកំពង់ផែ Vung Ang នេះត្រូវបានទម្លាយឱ្យដឹងអំឡុងកិច្ចប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរៀបចំឡើងនៅទីក្រុងហាណូយកាលពីថ្ងៃច័ន្ទ ទី១០ មករា។

រដ្ឋមន្ត្រីផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung និងលោក Sonexay Siphandone ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីផែនការ និងវិនិយោគឡាវ បានបង្ហាញការប្ដេជ្ញាចិត្ត ចំពោះគ្នាទាក់ទិនការបង្កើនភាគហ៊ុនរបស់រដ្ឋាភិបាលឡាវ នៅក្នុងការកាន់កាប់កំពង់ផែអន្តរជាតិឡាវ-វៀត (Lao-Viet International Port JSC) ពី ២០% ឈានដល់ ៦០%។

ការបង្ហាញការប្ដេជ្ញាចិត្តចំពោះគ្នានេះ ក៏មានការចូលរួមពីនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងសមភាគីឡាវ លោក Phankham Viphavanh ផងដែរក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកទៅកាន់ប្រទេសវៀតណាម នៅសប្តាហ៍នេះ។

ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលឡាវ បានអនុម័តការបណ្តាក់ទុនរួមគ្នាមួយរវាងវិស័យរដ្ឋ និងឯកជន ដើម្បីអភិវឌ្ឍគម្រោងកំពង់ផែសមុទ្រ Vung Ang បន្ទាប់ពីវៀតណាម បានអនុញ្ញាតឱ្យប្រើប្រាស់កំពង់ផែសមុទ្រ វៀតណាម នៅខេត្ត Ha Thinh សម្រាប់ប្រទេសឡាវ។

រដ្ឋាភិបាលវៀតណាម បានអនុញ្ញាតផ្ដល់សម្បទានរយៈពេល៥០ឆ្នាំ ឱ្យទៅប្រទេសឡាវ ដើម្បីបង្កើត និងអភិវឌ្ឍគម្រោងនេះ ជាមួយនឹងលទ្ធភាពពន្យាររយៈពេលសម្បទានបន្ថែមប្រសិនបើចាំបាច់។

គម្រោងនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយឱ្យប្រទេសឡាវ ដែលគ្មានព្រំដែនសមុទ្រ អាចទទួលបានផ្លូវពាណិជ្ជកម្ម តាមសមុទ្រដែលនឹងកាត់បន្ថយបានច្រើន នូវថ្លៃដឹកជញ្ជូនទំនិញនាំចូល និងនាំចេញ នៅពេលគម្រោងនេះដំណើរការ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here