គម្រោងផ្លូវថ្មីៗកំពុងទាក់ទាញការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តកំពត

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវថ្មីៗនៅក្នុងទឹកដីខេត្តកំពតបាននិងកំពុងទាក់ទាញការអភិវឌ្ឍអចលនទ្រព្យ និងជំរុញឱ្យសកម្មភាពនិងតម្លៃដីធ្លីនៅក្នុងខេត្តមួយនេះកាន់តែមានកំណើនមួយកម្រិតទៀតនៅពេលអនាគតខាងមុខដ៏ខ្លីនេះ។

លោក កែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុនKW Cambodia ប្រចាំខេត្តកំពតបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះថា គម្រោងស្ថាបនានិងការសាងសង់ផ្លូវថ្មីៗនៅក្នុងទឹកដីខេត្តកំពតបាននិងកំពុងជំរុញឱ្យការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តនេះកាន់តែមានសន្ទុះមួយកម្រិតទៀត។ ជាក់ស្ដែងគម្រោងផ្លូវ៤៣ បានទាក់ទាញឱ្យវិនិយោគិនក្នុងស្រុកទៅទិញដីសម្រាប់អភិវឌ្ឍន៍និងគម្រោងខ្លះបានអភិវឌ្ឍបណ្ដើរៗហើយ ដូចជាគម្រោងដីលំហែរបស់បូកគោលែនទី២ជាដើម។

លោកបន្តថា ក្រៅពីផ្លូវ៤៣យើងក៏មើលឃើញថាផ្លូវថ្មីៗ នៅក្នុងក្រុងបូកគោក៏កំពុងតែបង្ហាញពីភាពទាក់ទាញដល់វិនិយោគិនទៅវិនិយោគអចលនទ្រព្យនៅតំបន់នោះ។ វិនិយោគិនខ្លះដែលបានដឹងពីគម្រោងមុន គេបានទិញដីទុករួចហើយនិងរង់ចាំការស្ថាបនាផ្លូវរួចរាល់គេនឹងចាប់ផ្ដើមអភិវឌ្ឍ ហើយវិនិយោគិនខ្លះទៀតក៏កំពុងតែស្វែងរកដីធ្លីក្នុងការត្រៀមអភិវឌ្ឍនៅពេលខាងមុខផងដែរ ដែលជាហេតុធ្វើឱ្យការអភិវឌ្ឍ ការទិញ លក់ដីធ្លីនៅក្នុងខេត្តកំពតនៅតែមានសកម្មភាព។

លោកសុជាតិបានបន្ថែមថា គម្រោងអភិវឌ្ឍន៍អគារខ្ពស់ ខុនដូនៅក្នុងក្រុងកំពតក៏ជាកត្តាទាក់ទាញដល់វិនិយោគិនក្នុងស្រុក ក្នុងការសម្លឹងទៅរកការវិនិយោគនៅក្នុងខេត្តនៃតំបន់ទេសចរណ៍មួយនេះ។ ក្នុងនោះដែរ សម្រាប់ទីតាំងនៅជិតតំបន់រមណីយដ្ឋានគេអភិវឌ្ឍន៍ជារីសត ជាផ្ទះលំហែ ជាដើម តែសម្រាប់តំបន់នៅឆ្ងាយបន្តិចដូចជាតាមបណ្ដោយផ្លូវ៤៣ គេអភិវឌ្ឍន៍ទៅជាដីលំហែដូចជាគម្រោងរបស់បូកគោលែនទី២ ហើយលោកជឿជាក់ថានៅពេលខាងមុខនេះ តម្លៃនៅតំបន់តាមបណ្ដោយផ្លូវ៤៣នឹងមានតម្លៃបន្ថែមមួយកម្រិតទៀតផងដែរ។

បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានលើកឡើងកាលពីពេលថ្មីៗនេះថា ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមានសារសំខាន់ក្នុងការទាក់ទាញទេសចរ ការធ្វើដំណើររបស់វិនិយោគិនជាពិសេសជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់នេះហើយ ទើបរាជរដ្ឋាភិបាលបានខិតខំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានបញ្ជាក់ផងដែរថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីនោះនឹងមានការអភិវឌ្ឍទៅលើអចលនទ្រព្យហើយវានឹងទាក់ទាញមនុស្សឱ្យទៅរស់នៅកាន់តែច្រើន និងទាក់ទាញដល់ការវិនិយោគព្រមទាំងជំរុញតម្លៃអចលនទ្រព្យឱ្យមានហាងឆេងមួយកម្រិតទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here