សិង្ហបុរីប្រកាសចាប់ផ្ដើមសាងសង់ស្ថានីយរថភ្លើងក្រោមដីតម្លៃក្បែរពាន់លានដុល្លារ ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២២

0

ដោយ៖ សុខុម

សិង្ហបុរី៖ អាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) នៃប្រទេសសិង្ហបុរី បានទម្លាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៣ មករា នេះថា ដំណើរការសាងសង់ស្ថានីយរថភ្លើងក្រោមដីចំនួន២គឺស្ថានីយ Serangoon North និងស្ថានីយ Tavistock MRT លើខ្សែផ្លូវដែក Cross Island Line (CRL) គ្រោងនឹងចាប់ផ្ដើមក្នុងត្រីមាសទី២ ដើមឆ្នាំ២០២២ នេះ។

ការប្រកាសនេះធ្វើឡើងក្រោយពីអាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) បានប្រគល់កិច្ចសន្យា២ដែលមានតម្លៃសរុបរហូតដល់ទៅ៨៦១លានដុល្លារសិង្ហបុរី (ប្រមាណ៦៤០លានដុល្លារអាមេរិក) ឱ្យទៅក្រុមហ៊ុន២ផ្សេងគ្នាសម្រាប់ការឌីហ្សាញ និងការសាងសង់ស្ថានីយទាំងនេះ។

អាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) បានចេញសេចក្តីប្រកាសព័ត៌មានថា កិច្ចសន្យាសម្រាប់ការឌីហ្សាញ និងការសាងសង់ស្ថានីយ Serangoon North និងផ្លូវរូងក្រោមដីត្រូវបានប្រគល់ឱ្យទៅក្រុមហ៊ុន Hock Lian Seng Infrastructure ក្នុងតម្លៃ៤៥៤លានដុល្លារសិង្ហបុរី (ប្រមាណ៣៣៧លានដុល្លារអាមេរិក)។

ចំណែកឯកិច្ចសន្យាសម្រាប់ការឌីហ្សាញ និងការសាងសង់ស្ថានីយ Tavistock MRT ត្រូវបានប្រគល់ឱ្យទៅក្រុមហ៊ុន Sato Kogyo ក្នុងតម្លៃ៤០៧លានដុល្លារសិង្ហបុរី (ប្រមាណ៣០២លានដុល្លារអាមេរិក)។

អាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) បញ្ជាក់ថា សេវាកម្មដឹកអ្នកដំណើរសម្រាប់ដំណាក់កាលទី១ នៃខ្សែផ្លូវដែក Cross Island Line (CRL) ដែលជាខ្សែរថភ្លើងទី៨ នៅប្រទេសសិង្ហបុរី គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here