ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ៤៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ត្រង់ចំនុចខេត្តកំពតទៅផ្លូវជាតិលេខ៤ខេត្តកំពង់ស្ពឺ កំពុងរៀបចំដំណើរការអភិវឌ្ឍន៍ជាបណ្ដើរៗ ដែលធ្វើឱ្យហាងឆេងដីធ្លីនៅតាមបណ្ដោយផ្លូវមួយនេះកាន់តែមានសន្ទុះងើបឡើង ក្នុងនោះដែរតម្លៃដីធ្លីក៏ត្រូវបានរំពឹងថានឹងងើបឡើងមួយកម្រិតទៀតផងដែរ។
លោក កែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពត បានឱ្យដឹងថា គម្រោងផ្លូវជាតិលេខ៤៣បាននិងកំពុងធ្វើឱ្យហាងឆេងដីធ្លីនៅតាមបណ្ដោយផ្លូវនេះ កំពុងតែមានកំណើនល្អប្រសើរបន្ថែមមួយកម្រិតទៀត។ ជាក់ស្ដែង ដីធ្លីនៅតំបន់នោះ ដែលកាលពីមុនត្រឹមតែ៥ទៅ១០ដុល្លារអាមេរិក តែមកដល់ពេលនេះវាឡើងដល់១៥ដុល្លារអាមេរិក និងតំបន់ខ្លះក៏ខ្ពស់ជាងនេះផងដែរ ទៅតាមទីតាំងសក្ដានុពល។
លោកបន្តថា គម្រោងផ្លូវជាតិលេខ៤៣នេះដែរក៏ឃើញថាមានក្រុមហ៊ុនក្នុងស្រុកមួយចំនួនបានចូលទៅអភិវឌ្ឍន៍ជាបណ្ដើរៗ ដូចជាគម្រោងអភិវឌ្ឍន៍ដីលំហែរបស់បូកគោលែនទី២ និងមានអ្នកវិនិយោគមួយចំនួនទៀតទិញដីត្រៀមសម្រាប់អភិវឌ្ឍន៍ នៅពេលផ្លូវនេះចាប់ផ្ដើមស្ថាបនាចាក់កៅស៊ូ។
លោកថា ”សក្ដានុពលដីធ្លីនៅតំបន់ផ្លូវ៤៣ពេលនេះគ្រាន់តែជាដីប្រភេទលំហែកាយ ហើយអ្នកអភិវឌ្ឍន៍ដែលចូលទៅតំបន់នោះ ក៏អភិវឌ្ឍជាផ្ទះលំហែ ចំការលំហែ មិនទាន់មានការអភិវឌ្ឍជាអ្វីផ្សេងឡើយ”។
លោកសុខ គែន នាយកក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate ក៏បានឱ្យដឹងផងដែរថា នៅពេលមានគម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ៤៣ភ្លាម ដីធ្លីនៅតាមបណ្ដោយនៃគម្រោងផ្លូវនេះ បានឡើងថ្លៃមួយកម្រិត ហើយនៅពេលផ្លូវនេះស្ថាបនាវានឹងឡើងម្ដងទៀត ក្នុងនោះដែរ សក្ដានុពលនៃការអភិវឌ្ឍនៅតំបន់នោះក៏ប្រែប្រួលបន្តិចដែរ។
លោកបន្តថា នៅពេលនេះ ការអភិវឌ្ឍមានតែទៅលើតំបន់លំហែ និងចំការ ប៉ុន្តែនៅពេលអនាគត ពោលគឺពេលផ្លូវនេះសាងសង់រួច វានឹងមានការអភិវឌ្ឍជាតំបន់ឧស្សាហកម្មរោងចក្រសហគ្រាស ដោយសារតែផ្លូវជាផ្លូវសំខាន់ក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែ ខេត្តព្រះសីហនុ ឬកំពង់ផែទឹកជ្រៅខេត្តកំពតដែលបាននិងកំពុងសាងសង់ជាដើម ។ ដូច្នេះអ្នកវិនិយោគអាចនឹងសាងសង់ជាឃ្លាំងស្តុកទំនិញនិងដឹកជញ្ជូនទៅកាន់កំពង់ផែទាំងពីរ៕