ធនាគារក្នុងស្រុកមួយទៀតវិនិយោគ១០លានដុល្លារលើគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ

0

ដោយ៖ លក្ខិណា

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ធនាគារពាណិជ្ជអាល់ហ្វា បានចុះហត្ថលេខាទិញសញ្ញាបណ្ណ១០លានដុល្លារអាមេរិកពីក្រុមហ៊ុន Cambodia Airport Investment Co.,Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោ។

ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយលោកឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងធនាគារពាណិជ្ជ អាល់ហ្វា ម.ក តំណាងដោយ ឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន(CAIC)ឱ្យដឹងថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។

មកដល់បច្ចុប្បន្ននេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ប្រមាណ៣០ភាគរយ ដែលបានចំណាយទឹកប្រាក់សរុប៣៩០លានដុល្លារអាមេរិករួចហើយ ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ៕

LEAVE A REPLY

Please enter your comment!
Please enter your name here