ដោយ: ម៉ាលីស
ភ្នំពេញ: នាព្រឹកថ្ងៃទី១៤ មករា ២០២២ ក្រុមហ៊ុនជីប ម៉ុងបានប្រារព្ធពិធីបញ្ចប់គ្រោងអគារដល់ជាន់កំពូល នៃជីប ម៉ុងថៅវើ ដែលជាអគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិ វិនិយោគក្រោមទឹកប្រាក់២៣០លានដុល្លារសហរដ្ឋអាមេរិចទាំងថ្លៃដី និងថ្លៃសាងសង់ ស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ីរាជធានីភ្នំពេញ។
អ្នកឧកញ៉ាលាង ឃុនសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុងមានប្រសាសន៍ថា ការបញ្ចប់គ្រោងអគារដល់កំពូលជាន់ទី៤៥នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយដែល បញ្ជាក់ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ក៏ដូចជា ការអភិវឌ្ឍឥតឈប់ឈររបស់ក្រុមហ៊ុនជីប ម៉ុង ក្រោមចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
ក្រៅពីគាំទ្រផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា មជ្ឈមណ្ឌលសេដ្ឋកិច្ចនេះ ក៏បានបង្កើតឱកាសការងារជាច្រើន ដែលរួមចំណែកលើកស្ទួយជីវភាពរបស់សហគមន៍ ក៏ដូចជា លើកកម្ពស់វិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបានគាំទ្រដល់អាជីវកម្មតូចៗ ជុំវិញតំបន់នេះផងដែរ។ នេះបើយោងតាមការបញ្ជាក់ របស់លោក Simon DELL អគ្គនាយករងជាន់ខ្ពស់ផ្នែកយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុនជីប ម៉ុង។
អគារជីប ម៉ុង ថៅវើ នេះមានកម្ពស់១៨៥ម៉ែត្រ សាងសង់លើផ្ទៃដី ទំហំ១៤,០៤២ ម៉ែត្រការ៉េ។ អគារនេះ ត្រូវបានសាងសង់ជាមួយស្ថាបត្យកម្មដ៏វិចិត្រ ដែលនឹង បម្រើដល់វិស័យសំខាន់ៗ ចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជា ដូចជា ផ្នែកបដិសណ្ឋារកិច្ច ការិយាល័យសម្រាប់ក្រុមហ៊ុនសហគ្រាស ផ្សារទំនើប និងការកម្សាន្តជាដើម៕