រឿងរ៉ាវចំនួន១០ ដែលអ្នកគួរប្រយ័ត្នប្រយែងពេលទៅកំសាន្តនៅប្រទេសវៀតណាម

0

ដោយៈ សុខុម

វៀតណាម: វៀតណាម ដែលជាប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយម ដោយសារសម្រស់ និងភាពទាក់ទាញរបស់ប្រទេសនេះ។

ទោះជាយ៉ាងណា មានរឿងរ៉ាវអាក្រក់ធំៗចំនួន១០ចំណុច ដែលអ្នកគួរប្រយ័ត្នប្រយែង បើមិនចង់មានបញ្ហា មុនពេលសម្រេចចិត្តទៅលេងកំសាន្តនៅប្រទេសមួយនេះ។ ជនបរទេសមួយចំនួនរាងចាល មិនចង់ត្រលប់ទៅប្រទេសនេះម្ដងទៀតឡើយ ព្រោះពួកគេបានឆ្លងកាត់បទពិសោធន៍ដ៏អា​ក្រក់មិនអាចបំភ្លេចបាន អំឡុងដំណើរកម្សាន្តរបស់ពួកគេ ទៅកាន់ប្រទេសនេះ។

សូមអានអត្ថបទនេះឱ្យចប់ ដើម្បីជៀសវាងជួបស្ថានភាពអាក្រក់ និងទុកជាជំនួយដល់ការរៀបចំផែនការ ដំណើរកម្សាន្តរបស់អ្នកទៅកាន់ប្រទេសវៀតណាម។

១/ ការឆបោក
អំពើឆបោកកើតឡើងជាពិសេស ជាមួយក្រុមហ៊ុនទេសចរណ៍ ឬ ភោ​ជនីយដ្ឋាន និងហាងល្បីៗ។ នៅទីក្រុងហាណូយ ប្រទេសវៀតណាម អ្នកនឹងឃើញមានក្រុមហ៊ុនជាង១០០ ដែលស្រដៀងគ្នានឹងក្រុមហ៊ុនទេសច​រណ៍ The Sinh Tourist ប៉ុន្តែក្រុមហ៊ុនពិតប្រាកដ គឺតែមួយគត់ ក្រៅពីនោះសុទ្ធតែក្លែងបន្លំ។

ក្រុមហ៊ុនទេសចរណ៍ក្លែងក្លាយទាំងនោះ ព្យាយាមប្រមូលភ្ញៀវទេស​ចរឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន បន្ទាប់មកបញ្ជូនពួកគេឱ្យទៅក្រុមហ៊ុនទេសចរណ៍ផ្សេងទៀត ដើម្បីទទួលបានប្រាក់កម្រៃជើងសារ។
ក្នុងដំណើរកម្សាន្តក្លែងក្លាយទាំងនេះ អ្នកនឹងមិនអាចទទួលបានសេវាកម្មដ៏ល្អឡើយ ព្រោះជាធម្មតាវាមានតម្លៃថោកជាង ដំណើរកម្សាន្តពិតប្រាកដ។

*គន្លឹះជៀសវាងដំណើរទេសចរណ៍ក្លែងក្លាយ
អ្នកត្រូវធ្វើឱ្យប្រាកដថា អ្នកប្រើប្រាស់គេហទំព័ររបស់ក្រុមហ៊ុនទេសច​រណ៍ត្រឹមត្រូវ ដើម្បីស្វែងរកដំណើរកម្សាន្ត។ គេហទំព័រក្លែងក្លាយជាច្រើនអះអាងថា ខ្លួនជាក្រុមហ៊ុនពិត ដូច្នេះហើយអ្នកត្រូវពិនិត្យមើលដោយប្រុងប្រយ័ត្ន។

ទៅកាន់អាសយដ្ឋានត្រឹមត្រូវ របស់ក្រុមហ៊ុនទេសចរណ៍នោះ ព្រោះអាចមានក្រុមហ៊ុនបែបនេះ រហូតដល់ទៅជាង១០ឯណោះ ដែលឈ្មោះដូចៗគ្នានៅលើផ្លូវតែមួយ ដូច្នេះត្រូវធ្វើឱ្យប្រាកដថា អ្នកទៅកាន់អាសយដ្ឋានដែលត្រឹមត្រូវ។

២/ អាកាសយានដ្ឋាន – ចោរលួចខ្វេះវ៉ាលី
ការបាត់អីវ៉ាន់ពីក្នុងវ៉ាលីនៅអាកាសយានដ្ឋាន ក្នុងប្រទេសវៀតណាម គឺកើតឡើងញឹកញាប់ណាស់ ដូចនេះត្រូវបង្កើនការប្រយុងប្រយ័ត្ន ឱ្យបានមែនទែន។

*គន្លឹះជៀសវាងការបាត់អីវ៉ាន់ក្នុងវ៉ាលី
បើមិនចង់ឱ្យបាត់អីវ៉ាន់ អំឡុងពេលឆែកវ៉ាលីនៅអាកាសយដ្ឋាន ដែលនឹងបំផ្លាញដំណើរកម្សាន្តរបស់អ្នក សូមកុំទុករបស់របរមានតម្លៃក្នុងវ៉ាលី។ ទោះបីជាអ្នករាងមានទំនុកចិត្តបន្តិច ពេលមានចាក់សោវ៉ាលីក្ដី ក៏ចោរនៅតែអាចខ្វេះលួចរបស់របរមានតម្លៃ របស់អ្នកបានយ៉ាងរហ័ស។

ពិតណាស់ថា អ្នកអាចតវ៉ា និងរាយការណ៍ទៅផ្នែកសេវាអាកាសយានដ្ឋានបាន ប៉ុន្តែសំណងដែលគេនឹងសងមកអ្នកវិញ គឺគិតតាមអត្រាក្នុងអីវ៉ាន់មួយគីឡូក្រាម ដែលវាមិនស័ក្ដិសមនឹងតម្លៃ របស់ដែលអ្នកបាត់នោះឡើយ។ ដូចនេះសូមទុករបស់របរមានតម្លៃរបស់អ្នក តែក្នុងកាបូយួរដៃបានហើយ។

៣/ ការឆ្លងផ្លូវ
ពេលឆ្លងផ្លូវ អ្នកត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះមិនសូវមានគំនូសផ្លូវនោះឡើយ បើមិនអញ្ចឹងទេ អ្នកអាចនឹងត្រូវម៉ូតូ ឬឡានបុកជាពិសេសនៅក្រុងហូជីមិញ តែម្ដង។

*គន្លឹះឆ្លងផ្លូវដោយសុវត្ថិភាព
កុំខ្លាចប្រឈមមុខនឹងម៉ូតូ រថយន្ត និងរថយន្តក្រុងជាដើម នៅពេលអ្នកឆ្លងកាត់ផ្លូវ។ ជាដំបូងអ្នកគួររង់ចាំបន្តិច ហើយដើរទៅមុខ ឈប់បន្តិច ដើរទៅមុខទៀត ហើយបន្តធ្វើបែបនេះរហូតឆ្លងផុត តែត្រូវប្រយ័ត្នផង ព្រោះយានយន្តមកពីគ្រប់ទិស បើកបរប្រសិចប្រសាចមិនដឹងទិសតំបន់។ អ្នកត្រូវជឿជាក់ថា ខ្លួនឯងអាចធ្វើបាន។ យកល្អ អ្នកគួរតែទិញធានារ៉ាប់រងលើការធ្វើដំណើរ មុនពេលទៅលេងនៅប្រទេសវៀតណាម។

៤/ គ្រោះថ្នាក់ចរាចរណ៍
យោងតាមនាយកដ្ឋានប៉ូលិសចរាចរណ៍វៀតណាម ឱ្យដឹងថា ក្នុងឆ្នាំ២០១៦មានករណីគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ទៅជាង២១.០០០ករណី និងបណ្ដាលឱ្យស្លាប់ជិត៩.០០០ករណី។ ដូចនេះមានន័យថា ក្នុងមួយថ្ងៃៗមានមនុស្សប្រមាណ២៥នាក់ ស្លាប់ដោយសារគ្រោះថ្នាក់ចរា​ចរណ៍នៅវៀតណាម។ តួលេខនេះ មិនទាន់រាប់បញ្ចូលអ្នករងរបួសផងទេ។ ដូចនេះអ្នកត្រូវប្រុងប្រយ័ត្នឱ្យមែនទែន។

*គន្លឹះសុវត្ថិភាពលើដងផ្លូវ
ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន អ្នកគួរប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈដូចរថយន្តក្រុងជាដើម ព្រោះបើមានករណីបុកគ្នា វាអាចការពារអ្នកបានច្រើន។ ទន្ទឹមនេះ ការប្រើប្រាស់រថយន្តតាក់ស៊ីរបស់ Grab ក៏ល្អដែរ ព្រោះវាមានតម្លៃថោក និងងាយស្រួល។

៥/ ការគិតលុសលើសសម្រាប់សេវាតាក់ស៊ី
ការគិតលុយលើស សម្រាប់សេវាតាក់ស៊ី បានកើតឡើងញឹកញាប់ណាស់នៅវៀតណាម ហើយវាកើតឡើងចំពោះមនុស្សស្ទើរតែគ្រប់គ្នា។ តៃកុងច្រើនតែព្យាយាមបើកវៀង កាច់កុងចុះឡើង ដើម្បីឱ្យឃើញថាផ្លូវឆ្ងាយ និងគិតលុយឱ្យបានច្រើន។

ភ្ញៀវទេសចរខ្លះ នឹងបង់លុយឱ្យពួកគេ តាមដែលពួកគេទាមទារដោយមិនដឹងថាគេធ្វើស៊ីខ្លួន។ ក្នុងករណីខ្លះទៀត តៃកុងតាក់ស៊ីថែមទាំងសឺរ៉េកុងទ័រគីឡូ ដើម្បីគិតលុយលើសតម្លៃជាក់ស្ដែងទៀតផង។

*គន្លឹះជៀសវាងអ្នករត់តាក់ស៊ីធ្វើអ្នក
ចូរឆែក Google Map ឬ Maps.me ដើម្បីគណនាចម្ងាយគោលដៅដែលអ្នកត្រូវចុះ។ ធ្វើដូច្នេះអ្នកអាចគុណដឹងចំនួនគីឡូ និងលុយដែលត្រូវបង់។ ទន្ទឹមនេះ អ្នកគួរតែសួរតាក់ស៊ីជាមុនថា ពួកគេគិតថ្លៃប៉ុន្មាន មុននឹងចេញដំណើ។

៦/ ចោរឆក់
ករណីចោរឆក់ កើតឡើងគ្រប់កន្លែងនៅវៀតណាម ហើយករណីដែលកើតឡើងញឹកញាប់បំផុតគឺឆក់ទូរស័ព្ទ និងកាបូប។

*គន្លឹះជៀសវាងចោរឆក់
កុំនិយាយទូរស័ព្ទពេលដើរតាមផ្លូវ ឬកាន់ទូរស័ព្ទសម្ញែង។ ចំណែកឯកាបូបវិញ ត្រូវកាន់ឱ្យជាប់នឹងខ្លួន។ ហើយបើត្រូវចេញទៅក្រៅដែលមានមនុស្សអ៊ូអរ យកល្អគួរដករបស់របរសំខាន់ៗ ចេញពីកាបូប ហើយទុកនៅកន្លែងដែលអ្នកស្នាក់នៅ។ ហើយទន្ទឹមនេះ អ្នកគួរទិញធានារ៉ាប់រងលើការធ្វើដំណើរ មុននឹងទៅលេងនៅវៀតណាម។

៧/ ចោរលូកហោប៉ៅ
ចោរលូកហោប៉ៅកើតឡើងគ្រប់កន្លែង និងគ្រប់ពេលទាំងអស់នៅវៀតណាម។

*គន្លឹះជៀសវាងចោរលូកហៅប៉ៅ
អ្នកត្រូវប្រុងប្រយ័ត្ន ទ្រព្យសម្បត្តិរបស់អ្នកគ្រប់ពេល ត្រូវទុកលុយក្នុងហោប៉ៅខាងមុខ គឺកុំទុកនៅហោប៉ៅក្រោយឱ្យសោះ ហើយត្រូវឧស្សាហ៍ស្ទាបមើលក្រែងលោបាត់។

៨/ បញ្ហាអនាម័យ និងសុវត្ថិភាពចំណីអាហារ
ម្ហូបអាហារវៀតណាម ពិតជាសម្បូរបែប និងមានឱជារសឆ្ងាញ់ ប៉ុន្តែសុវត្ថិភាពចំណីអាហារ គឺជាបញ្ហាធំនៅក្នុងប្រទេសនេះ។ អាហារតាមដងផ្លូវមានរសជាតិឆ្ងាញ់ ប៉ុន្តែភាគច្រើនគឺគ្មានអនាម័យ។

*គន្លឹះជៀសវាងអាហារគ្មានអនាម័យ
អ្នកគួរតែជៀសវាងអាហារលក់តាមដងផ្លូវ ព្រោះវាមិនស្អាត ខ្វះអនាម័យដែលអាចបង្កការរាករូស ឬធ្វើឱ្យអ្នកពុលអាហារជាដើម ហើយយកល្អអ្នកគួរតែជ្រើសរើស ការទទួលទានអាហារនៅភោជនីយដ្ឋាន ឬអាហារដ្ឋាន។

៩/ សេវាអន់ – អាកប្បករិយាបុគ្គលិកមិនល្អ
ជាការពិតណាស់ មនុស្សជាច្រើនរអ៊ូរទាំ និងសម្ដែងការមិនសប្បាយចិត្ត ចំពោះសេវាដ៏អន់ នៅតាមភោជនីយដ្ឋានវៀតណាម មួយផ្នែកដោយ​សារភ្ញៀវច្រើន ហើយទន្ទឹមនេះប្រជាជនវៀតណាម មិនច្រើនទេដែលចេះនិយាយភាសាអង់គ្លេស។

*គន្លឹះជៀសវាងសេវាអន់ – អាកប្បករិយាបុគ្គលិកមិនល្អ
អ្នកគួររៀនភាសាកាយវិការ ឬរៀនភាសាវៀតណាមខ្លះៗ ដើម្បីចេះកុម្ម៉ង់អាហារ ឬ ងាយស្រួលប្រើប្រាស់សេវាដែលអ្នកត្រូវការ។ យកល្អបំផុត គឺមានមិត្តភក្ដិជនជាតិវៀតណាម ដើម្បីឱ្យពួកគេជួយនាំអ្នកទៅញ៉ាំអាហារនៅកន្លែងល្អ ហើយតម្លៃសមរម្យ។

១០/ ការគិតលុយលើស
ការគិតលុយលើស គឺកើតឡើងញឹកញាប់ណាស់ សម្រាប់ភ្ញៀវទេស​ចរណ៍ទៅទស្សនាប្រទេសនេះ។

*គន្លឹះជៀសវាងការគិតលុយលើស
អ្នកគួរជៀសវាងភោជនីយដ្ឋានណា ដែលមឺនុយមិនដាក់តម្លៃ ព្រោះគេនឹងកោរអ្នក គិតលើសតម្លៃ ព្រោះឃើញអ្នកជាជនបរទេស។ ហើយសូម្បីភោជនីយដ្ឋានខ្លះ ដែលមានមឺនុយ ក៏នៅតែអាចគិតថ្លៃកន្លែងអង្គុយពីអ្នកទៀតផង។

អ្នកត្រូវសួរឱ្យច្បាស់ អំពីតម្លៃមុននឹងកុម្ម៉ង់មុខម្ហូបណាមួយ ហើយត្រូវចាំថា សួរតម្លៃសិន មុននឹងទិញ។ បើអ្នកយល់ថាថ្លៃពេក អ្នកគួរតែចេញទៅកន្លែងផ្សេង ព្រោះមិនខ្វះហាងនោះទេ៕ Expatolife៕

LEAVE A REPLY

Please enter your comment!
Please enter your name here