ដោយៈវឌ្ឈនៈ
ភ្នំពេញៈ វិនិយោគិនបរទេស បានចាប់ផ្ដើមបង្កើនល្បឿនក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញ ក្នុងរយៈពេលជាង២ខែកន្លងមក។
ជាក់ស្ដែងគម្រោងអគារខ្ពស់ៗ ចំនួននៅក្នុងខណ្ឌចំការមន ដែលជាគម្រោងវិនិយោគរបស់វិនិយោគិនបរទេស បានចាប់ផ្ដើមធ្វើសកម្មភាពកាន់តែខ្លាំងជាងមុន។
គម្រោងអគារខុនដូ Mesong ដែលជាគម្រោងវិនិយោគរបស់វិនិយោគិនមកពីទីក្រុងហុងកុង នៅក្នុងទីក្រុងរណបកោះពេជ្រ បានបង្ហាញពីការបង្កើនល្បឿន ក្នុងការអភិវឌ្ឍគម្រោងនេះ កាន់តែលឿនបន្តទៀត ដោយបានសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ នៅលើពិភពលោក ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ ដើម្បីឱ្យគម្រោងរបស់ខ្លួនបានដំណើរទៅមុខដោយរលូនជាមួយនឹងគុណភាពរឹងមាំ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអភិវឌ្ឍន៍អគារខុនដូ Mesong ឱ្យដឹងនាថ្ងៃទី១៤ មករាកន្លងមកថា ការសហការរវាងក្រុមហ៊ុនធំៗ ដែលមានបទពិសោធន៍ ក្នុងការផ្គត់ផ្គង់សម្ភារៈបរិក្ខារ នៅក្នុងអគារនឹងជំរុញ ឱ្យការអភិវឌ្ឍរបស់ Mesong បានផ្ដល់ជូននូវប្រណីតភាព និងគុណភាពដល់ការអភិវឌ្ឍ សំណង់នៅក្នុងប្រទេសកម្ពុជា និងពន្លឿនដល់ការអភិវឌ្ឍរបស់ខ្លួនផងដែរ ។
ដោយឡែកគម្រោងមួយទៀត ក្រោមការវិនិយោគរបស់វិនិយោគិនបរទេសនៅតំបន់ទួលទំពូងក៏ឃើញថា បានចាប់ផ្ដើមយ៉ាងមមាញឹកឡើងវិញ ជាមួយនឹងស្វែងរកទីផ្សារលក់ និងការសាងសង់គម្រោងរបស់ខ្លួនផងដែរ ។
គម្រោង Royal skyland ក៏ត្រូវបានចាត់ទុកជាគម្រោងអគារខ្ពស់មួយនៅកម្ពុជា ត្រូវបានមើលឃើញថា បានបង្កើនល្បឿនអភិវឌ្ឍន៍ឡើងវិញក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេស ក្នុងនោះគម្រោងអគារខុនដូ រ៉ូយ៉ាល់ស្កាយលែន ក៏បានស្វះស្វែងរកដៃគូលក់គម្រោងរបស់ខ្លួនជាច្រើន ស្របពេលជាមួយនឹងការជំរុញការសាងសង់ ឱ្យបានបញ្ចប់ទៅតាមផែនការរបស់ខ្លួន ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បាន ឱ្យដឹងថា ក្រោយបើកប្រទេសគឺស្ថានភាពបានល្អប្រសើរ ហើយវិនិយោគិនដែលមានវត្តមាន ក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមបញ្ចេញសកម្មភាពរបស់ខ្លួនភ្លាម តែសម្រាប់វិនិយោគបរទេសថ្មីៗ នៅតែមិនទាន់ឃើញមានចូលមកកម្ពុជាស្វែងការវិនិយោគច្រើននោះទេ៕