ដោយ៖ សុធារី
ខេត្តមណ្ឌលគិរី៖ រដ្ឋាភិបាលកម្ពុជាកាលពីខែ សីហា ឆ្នាំ២០២១ បានសម្រេចដាក់ឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ។ រដ្ឋាភិបាលរំពឹងថា មណ្ឌលគិរី នឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
តាមរយៈផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ខេត្តមណ្ឌលគិរីអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៣លាននាក់ក្នុងមួយឆ្នាំៗចាប់ពីឆ្នាំ២០៣៥ ខណៈដែលខេត្តនេះនឹងក្លាយជាតំបន់ស្នូលក្នុងភូមិភាគឦសាន្តក្នុងការផ្គត់ផ្គង់ បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ។
ដើម្បីឈានទៅសម្រេចគោលដៅនេះ ប៉ូលទេសចរណ៍ធំៗចំនួន៥ ត្រូវបានបែងចែកទៅតាមទីតាំងភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នាៗដូចជា៖
១ តំបន់ក្រុងសែនមនោរម្យ នឹងអភិវឌ្ឍទៅជាតំបន់អភិវឌ្ឍន៍ពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។
២ អាកាសយានដ្ឋានមណ្ឌលគិរីឋិតក្នុងស្រុកអូររាំង នឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យ។
៣ តំបន់សមាហរណកម្មច្រកទ្វារព្រំដែន ដែលមានច្រកទ្វារព្រំដែនទ្វេភាគីជាមួយវៀតណាមចំនួន ៤ កន្លែង នឹងជួយជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែននេះ។
៤ តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច នឹងត្រូវភ្ជាប់ពីតំបន់ប៊ូស្រាទៅកាន់តំបន់ដាក់ដាំ។
៥ និងប៉ូលទេសចរណ៍ចុងក្រោយគឺតំបន់ប្រជុំជនស្រុកកោះញែក ដែលមានសក្ដានុពលជាតំបន់កសិទេសចរណ៍៕