ភាគហ៊ុនរបស់ប្រតិបត្តិករកាស៊ីណូកំពូលៗនៅម៉ាកាវកើនឡើងខ្ពស់ ក្រោយ​រដ្ឋាភិបាលរក្សាទុកអាជ្ញាប័ណ្ណត្រឹម៦

0

ដោយសុខុម

ហុងកុង: ភាគហ៊ុនរបស់ប្រតិបត្តិករកាស៊ីណូកំពូលៗនៅម៉ាកាវ បានកើនឡើងខ្ពស់រហូតដល់ទៅ៨,៤២ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃច័ន្ទ ទី១៧ មករា។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា ការហក់ឡើងយ៉ាងគំហុកនៃភាគហ៊ុនរបស់ប្រតិបត្តិករកាស៊ីណូកំពូលៗនេះកើតមានឡើង នៅពេលរដ្ឋាភិបាលក្រុងម៉ាកាវ ដែលជាមជ្ឈមណ្ឌលកាស៊ីណូធំបំផុតរបស់ពិភពលោក បានរក្សាទុកចំនួនអាជ្ញាប័ណ្ណបើកដំណើរការកាស៊ីណូមកនៅត្រឹមតែ៦។

នេះមានន័យថា មានតែប្រតិបត្តិការកំពូលទាំង៦ប៉ុណ្ណោះដែលមានសិទ្ធិបើកដំណើរការកាស៊ីណូនៅម៉ាកាវ ដោយស្របច្បាប់។

នៅពេលបិទការជួញដូរលើទីផ្សារភាគហ៊ុនក្រុងហុងកុង ប្រតិបត្តិករកាស៊ីណូកំពូលទាំង៦នៅម៉ាកាវ បានកើនឡើងតម្លៃ៩,៩% ឬ ស្មើនឹង៥,៤២ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យតម្លៃសរុបលើទីផ្សាររបស់ប្រតិបត្តិករទាំងនេះឈានដល់៦០,២ពាន់លានដុល្លារអាមេរិក។ ហើយប្រតិបត្តិករដែលកើនប្រាក់ខ្លាំងជាងគេគឺក្រុមហ៊ុន Sands China Ltd។

ក្នុងចំណោមប្រតិបត្តិករកំពូលទាំង៦ដែលទទួលបាន ឬ រក្សាបានអាជ្ញាប័ណ្ណបើកដំណើរការកាស៊ីណូរួមមានក្រុមហ៊ុន Sands China Ltd ក្រុមហ៊ុន Wynn Macau ក្រុមហ៊ុន MGM China ក្រុមហ៊ុន Melco ក្រុមហ៊ុន Galaxy Entertainment និងក្រុមហ៊ុន SJM។

រដ្ឋាភិបាលក្រុងម៉ាកាវ បានប្រកាសកាលពីថ្ងៃសុក្រទី១៤ មករា ថា ចំនួនប្រតិបត្តិករកាស៊ីណូថ្មីៗដែលត្រូវបានអនុញ្ញាតឱ្យដំណើរការនៅម៉ាកាវ គឺមានរយៈពេលដំណើរការរហូតដល់១០ឆ្នាំ។

ម៉ាកាវ ដែលជាអតីតអាណានិគមរបស់ព័រទុយហ្គាល់ គឺជាមជ្ឈមណ្ឌលកាស៊ីណូដ៏ធំបំផុតរបស់ពិភពលោកបើគិតពីចំនួនលុយភ្នាល់ល្បែង។

រដ្ឋាភិបាលម៉ាកាវ បានរឹតបន្តឹងការត្រួតពិនិត្យយ៉ាងខ្លាំងលើកាស៊ីណូក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចាត់វិធានការបង្ក្រាបការហូរចូលមូលធនខុសច្បាប់ពីប្រទេសចិន និងការចងការប្រាក់កម្ចីក្នុងទីផ្សារងងឹត និងការផ្ទេរសាច់ប្រាក់ខុសច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here