ដោយ៖ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានផ្លាស់ប្តូរគម្រោងសាង់សង់មួយចំនួន ដោយបានបង្វែរថវិការ ដែលបានគ្រោងទុកនោះទៅសាងសង់គម្រោងផ្សេងទទៀតដែលត្រូវបានមើលឃើញថាមានភាពចាំបាច់ទៅតាមកម្រិតអតិភាព។
បើតាមលោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានផ្លាស់ប្តូរពីគម្រោងសាងសង់ស្ពានក្រចេះតភ្ជាប់ទៅស្រុកព្រែកប្រសព្វ ដោយសាររដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំសាងសង់ស្ពានតភ្ជាប់ពីស្ពានព្រែកប្រាទៅកាន់ផ្លូវ៦០ម៉ែត្រ។
ចំណែក គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ទៃទៀត ដូចជា គម្រោងសាងសង់ស្ពានពីកំពង់ឆ្នាំងឆ្ពោះទៅកាន់ស្រុកកំពង់លែង ស្ថិតនៅក្នុងអាទិភាពក្រោយ រីឯគម្រោងសាងសង់ផ្លូវតភ្ជាប់ពីសៀមរាបឆ្ពោះទៅកាន់បាត់ដំបងស្ថិតក៏នៅក្នុងអតិភាពបន្ទាប់។
លោកបញ្ជាក់ថា ផែនការអាទិភាពនីមួយៗបានផ្លាស់ប្តូរ ដោយសារកម្រិតនៃជីវភាពចាំបាច់នៃគម្រោងនីមួយៗ ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ នៅក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានសាងសង់គម្រោងផ្សេងទៀតដូចជា គម្រោងសាងសង់ពង្រីកផ្លូវជាតិលេខ៤ គម្រោងពង្រីកផ្លូវជាតិលេខ៤១ គម្រោងពង្រីកផ្លូវជាតិលេខ៣៣ គម្រោងកែលម្អរផ្លូវជាតិលេខ៤៣។
លោកបានបញ្ជាក់ថា គម្រោងទាំងឡាយខាងលើនេះបានផ្លាស់ប្តូរគម្រោងអតិភាព តាមផែនការ និងតាមទំហំកញ្ចប់ថវិកា ដែលរាជរដ្ឋាភិបាលបានទទួលពីដៃគូរអភិវឌ្ឍន៍នានា ពិសេសពីមហាមិត្តចិន៕