ដោយ៖ សុផារី
ភ្នំពេញ៖ ក្នុងរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី២១ មករា កន្លងទៅ ក្រោមចំណងជើងថា “Fearless Forecast 2022: Foundations of a Tiger” បានព្យាករណ៍ថាមាននិន្នាការធំៗចំនួន១០ នឹងកើតឡើងលើវិស័យអចលនទ្រព្យនិងវិស័យពាក់ព័ន្ធរបស់កម្ពុជា។
តាមរយៈរបាយការណ៍នេះ រឿងទាំង១០នេះមានដូចតទៅ៖
១) ក្នុងឆ្នាំ២០២២នេះ នឹងមិនមានគម្រោងខុនដូកម្រិតខ្ពស់ថ្មីប្រកាស ឬសាងសង់នោះទេ ខណៈក្នុងឆ្នាំ២០២១ នេះ មានត្រឹមតែ៤គម្រោងតែប៉ុណ្ណោះ។
២) និន្នាការភ្ញៀវទេសចរបរទេសដែលនឹងចូលមកកម្ពុជានៅឆ្នាំនេះ នឹងមានត្រឹមតែ២០% ប៉ុណ្ណោះ។
៣) ម្ចាស់អចលនទ្រព្យនឹងងាកទៅរកការប្រើប្រាស់ block-chain និង cryptocurrency ដើម្បីរកប្រភពទុនសាងសង់អចលនទ្រព្យ ព្រោះពួកគេបានរៀនសូត្រមេរៀន ក្នុង២ឆ្នាំកន្លងមកនេះ ហើយថាត្រូវតែមានប្រភពទុនមកពីច្រើនទិស ដើម្បីបញ្ចៀសហានិភ័យ។
៤) នៅក្នុងឆ្នាំ២០២២នេះ អាចនឹងមាន “Huawei Moment” កើតឡើង នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដោយព្យាករណ៍ថា ក្រុមហ៊ុនHuawei អាចនឹងងាកមកបោះទុនខ្នាតធំនៅកម្ពុជា ដើម្បីបង្កើតសង្វាក់ផលិតកម្មគ្រប់ជ្រុងជ្រោយ។
៥) ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ដែលត្រូវអនុម័តបន្ថែមយ៉ាងទូលំទូលាយ។ រាជធានីភ្នំពេញ និងទីក្រុងសំខាន់ៗផ្សេងៗទៀត កំពុងឈានជើង និងអភិវឌ្ឍខ្លួនទៅជាទីក្រុងឆ្លាតវៃ ក្រោមជំនួយរបស់ដៃគូអភិវឌ្ឍនានា។
៦) កម្ពុជាក៏កំពុងងាកទៅរកការប្រើថាមពលស្អាតច្រើនជាងមុន នឹងមានគម្រោងចំនួន៥ គ្រោងនឹងបញ្ចប់ និងដាក់ដំណើរការនៅឆ្នាំនេះ។
៧) កម្ពុជាកំពុងបោះជំហានទៅរកការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដែលនឹងរួមចំណែក ប្រមាណ ៣០% នៃការលក់រថយន្តថ្មី ក្នុងរយៈពេល ២៤ខែមុខនៅកម្ពុជា ខណៈរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីសម្រួលវិស័យនេះជាច្រើន។
៨) គំនិតផ្តោតលើការគិតគូដល់បរិស្ថាន សង្គម និងអភិបាលកិច្ចល្អ កំពុងក្លាយជានិន្នាការថ្មីក្រុមហ៊ុននានានៅកម្ពុជា ទិសដៅដើម្បីធានា និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដែលទាមទារការផលិតស្អាត និងបៃតងជាងមុន។
៩) ក្នុងឆ្នាំ២០២២នេះ សម្រាប់អគារដែល ជាប់គាំងនៅក្នុងក្រុងព្រហសីហនុ នឹងមានសំណង់ជាប់គាំងត្រឹម២៥០អគារប៉ុណ្ណោះ ក្នុងចំណោមអគារទាំងស្រុង ដែលអាចនឹងបន្តការសាងសង់ឡើងវិញ។
១០) ដំណឹងល្អសម្រាប់ខេត្តព្រះសីហនុ នៅឆ្នាំ២០២២ សកលវិទ្យាល័យលំដាប់អន្តរជាតិមួយ គ្រោងបើកដំណើរការនៅទីនោះ៕