ដោយ៖ សុខុម
ហាណូយ: ខណៈប្រទេសជាច្រើនក្នុងពិភពលោករួមទាំងប្រទេសរីកចម្រើនធំៗមិនទាន់ទាំងមានបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន 56 ប្រើប្រាស់ផង ស្រាប់ប្រទេសវៀតណាម បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា ខ្លួនមានមហិច្ឆតាចាប់ផ្ដើមអភិវឌ្ឍបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន 6G នៅក្នុងឆ្នាំ២០២២ នេះ។

-->
យោងតាសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២២ មករា ឱ្យដឹងថា រដ្ឋមន្ត្រីព័ត៌មាន និងទំនាក់ទំនងលោក Nguyễn Mạnh Hùng បានថ្លែងប្រាប់សន្និសីទនៅទីក្រុងហាណូយ កាលពីដើមសប្តាហ៍កន្លងទៅថា វាជាពេលវេលាដ៏ល្អដែលប្រទេសវៀតណាម គួរចាប់ផ្ដើមអភិវឌ្ឍបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿន 6G និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន ដោយផ្ដោតសំខាន់លើ Cloud Computing, Digital Platform និង As Service។
ឧស្សាហកម្មឌីជីថលបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចឌីជីថលនឹងទទួលបានកំណើនក្នុងល្បឿន១៣៦ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ជាមួយនឹងក្រុមហ៊ុនជាង៦៤.០០០។
រដ្ឋមន្ត្រីព័ត៌មាន និងទំនាក់ទំនងលើកឡើងថា “វៀតណាម នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថលរបស់ខ្លួនយ៉ាងឆាប់រហ័ស ជាមួយនឹងគោលបំណងក្លាយជាប្រទេសឈានមុខគេមួយក្នុងពិភពលោកនៅក្នុងការធ្វើឌីជីថលនីយកម្ម ជាមួយនឹងចក្ខុវិស័យអភិវឌ្ឍន៍បច្ចេកវិទ្យានេះនៅពេលអនាគត និងបំពេញតម្រូវការកម្មករជំនាញក្នុងវិស័យនេះ”។
លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាពរបស់វៀតណាម ផ្នែក Cloud Computing និង Digital Platform ដែលជាវិស័យ២ក្នុងចំណោមវិស័យរីកចម្រើនលឿនបំផុតជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំពី១៥%ទៅ២០%។ ក្រសួងព័ត៌មាន និងទំនាក់ទំនងបានប៉ាន់ប្រមាណថា ទីផ្សារសម្រាប់ Cloud Computing និង Digital Platform នឹងមានសន្ទុះឈានដល់ ឬ លើសទំហំរបស់ទូរគមនាគមន៍។
លោកបានបន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលគឺស្ថិតក្នុងចំណោមអាទិភាពខ្ពស់បំផុតសម្រាប់រដ្ឋាភិបាលដែលបានកំណត់គោលដៅធ្វើយ៉ាងណាឱ្យវៀតណាម ជាប់ក្នុងចំណោមប្រទេសកំពូលទាំង៣០ដែលមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប និងរឹងមាំបំផុតនៅឆ្នាំ២០២៥៕