ភ្នំពេញ ៖ ផ្សារភ្នំតូច របស់ក្រុមហ៊ុន ខេអេច លែន (KH LAND) បានសម្ពោធបុកគ្រឹះ សាងសង់ និងបើកលក់តូបជាផ្លូវការកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ នៅលើតំបន់មានសក្តានុពលប្រកបដោយផាសុកភាពស្ថិតនៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច។
ផ្សារភ្នំតូច ជាគម្រោងមួយនៃគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច របស់ក្រុមហ៊ុន ខេអេច លែន រួមមាន អាគារពាណិជ្ជ ដីឡូតិ៍ប្រមាណ៥ពាន់ឡូតិ៍ វីឡាទោល វីឡាកូនកាត់ វីឡាធ្វិន ផ្ទះអាជីកម្ម ផ្សារ ហេដ្ឋារចនាសម្ព័ន្ធ ទីធ្លាសម្រាប់ រៀបចំកម្មវិធី និងការតាំងពិព័រណ៍ទំនិញ ដែលមានទីតាំងស្ថិតនៅតំបន់ មានសក្តានុពលសេដ្ឋកិច្ច ជិតផ្លូវ៥១ ក្នុងឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក ថុន បូរ៉ា អគ្គនាយកក្រុមហ៊ុន ខេអេច លែន បានឱ្យដឹងថា ផ្សារភ្នំតូចស្ថិតនៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលមានផ្ទៃដីប្រមាណ១០០ហិកតា។ គម្រោងនេះរួមមាន ដីឡូតិ៍ជិត៥ពាន់ឡូតិ៍ តំបន់ពាណិជ្ជកម្មទំនើប១០អាជីវកម្មនៅចំកណ្តាល ដោយសព្វថ្ងៃកំពុងដាក់ដំណើរការ រួមមាន ហាងកាហ្វេប្រេនអារ៉ាប៊ីធា និងផាប់ភូមិយើង និងត្រៀមដំណើរការអាជីវកម្មផ្សេងៗទៀត។
នៅចំកណ្តាលនៃគម្រោងនេះមានទំហំដីរហូតដល់១ហិកតាជាទីតាំងសម្រាប់ធ្វើជាកម្មវិធីផ្សេងៗ ដូចជាតាំងពិព័រណ៍គ្រឿងអេឡិចត្រូនិក គ្រឿងសម្អាង ចំណីអាហារ កម្មវិធីមង្គលការ ខួបកំណើតជាដើម។ ដីទំហំមួយហិកតានៅចំកណ្តាលនេះ ប្រមូលផ្តុំប្រជាពលរដ្ឋ អតិថិជន មនុស្សម្នានៅទីតាំងនេះឱ្យមកជុំគ្នានៅចំកណ្តាលនៃគម្រោងនេះ ដែលជាកត្តាជំរុញតម្លៃដីមួយកម្រិតទៀត។
តម្លៃដី និងផ្ទះនៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចនេះ បានកើនឡើង ព្រោះស្ថិតនៅទីប្រជុំជនប្រជាពលរដ្ឋរស់នៅកុះករ និងមានផ្សារនៅខាងមុខ ដែលត្រូវបានបើកសម្ពោធបុកគ្រឹះសាងសង់ និងបើកលក់តូបនៅពេលនេះ។ គម្រោងនេះ មានចំនួនជាង៩០០ផ្ទះ មានផ្ទះ៤ប្រភេទ គឺផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ និងវិឡាធ្វីន ដែលកំពុងតែដំណើរ ការសាងសង់ និងខ្លះរួចរាល់ ព្រមទាំងបានប្រគល់សោរឱ្យម្ចាស់បាន៤ផ្ទះហើយ និងខ្លះ ទៀតត្រៀមមករស់នៅ។ ផ្ទះវីឡាកូនកាត់មានតម្លៃចាប់ពី ១៧០០០ដុល្លារឡើងទៅ និងវីឡាភ្លោះមានតម្លៃត្រឹមតែជាង ២ម៉ឺនដុល្លារ ហើយវីឡាទោលតម្លៃតែ៤ម៉ឺនដុល្លារប៉ុណ្ណោះ។
លោកអគ្គនាយកបានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបអតិជិជន ដែលបានទិញដីគម្រោង នេះ ក្រុមហ៊ុន ខេអេច លែន នឹងសាងសង់ផ្សារភ្នំតូចនេះឡើង ដោយសង្ឃឹមថា ផ្សារភ្នំតូចនេះនឹងបំពេញតម្រូវការប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាអតិថិជនជាវដីឡូតិ៍។ ផ្សារភ្នំតូច មានទំហំ៥៥x៩០ម៉ែត្រ ស្ថិតនៅលើទីតាំងដ៏ស័ក្តិសមបំផុតដោយសារតែកត្តាវិទ្យាសាស្រ្ត និងភូមិសាស្រ្តនៅជុំវិញគម្រោងមានផ្លូវខ្វាត់ខ្វែងទំហំ៣០ម៉ែត្រ ១៥ ម៉ែត្រ។ ផ្សារនេះសរុបទាំងអស់ ១៩២ តូប បែកចែកជាពីរ គឺផ្សារសើម មានចំនួន ៧២ តូបនិងផ្សារស្ងួតមានចំនួន ១២០ តូប។ ផ្សារភ្នំតូចមានភាពធំទូលាយបានរចនាប្លង់មានគុណភាពខ្ពស់ និងទូលាយមានកម្ពស់រហូតដល់៨ម៉ែត្រមានខ្យល់អាកាសល្អ។
លោក ថុន បូរ៉ា បានឱ្យដឹងទៀតថា ផ្សារភ្នំតូច លក់តូបក្នុងតម្លៃពិសេសសម្រាប់តូប ស្ងួតលក់ផ្តាច់ចាប់ពី ៦៦០០ដុល្លារឡើងទៅ ចំពោះតូបសើមតម្លៃ ៣៤០០ដុល្លារ។ ការលក់នេះជាកាដូផ្តល់ជូនអតិថិជនដោយមិនបានគិតពីតម្លៃដីនោះទេ ថែម ទាំងមានកាដូពិសេសទៀតផងនៅក្នុងការទិញតូប ឬដីឡូតិ៍នៅថ្ងៃនេះ នឹងផ្តល់សន្លឹកឆ្នោត មួយសន្លឹក សម្រាប់ចាប់រង្វាន់យកម៉ូតូឌ្រីមសេរីថ្មីចំនួន៥គ្រឿង។
លោកបន្ថែមថា ចក្ខុវិស័យដ៏វែងឆ្ងាយនិងច្បាស់លាស់នៃគម្រោងទីក្រុងពាណិជ្ជកម្ម ភ្នំតូច គឺដើម្បីបំពេញតម្រូវការអាជីវកម្មដែលផ្គត់ផ្គង់ដល់វិសាលភាពនៃតំបន់ឧស្សាហ៍កម្មធំៗ ជាតំបន់ត្រីកោណសេដ្ឋកិច្ចពិសេស ដែលមានមុំសេដ្ឋកិច្ច៣ធំៗ ៖ គឺផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥១ និងមុំសេដ្ឋកិច្ច គឺផ្លូវល្បឿនលឿន៦០ម៉ែត្រ ព្រមទាំងគម្រោងផ្លូវរដ្ឋផ្សេង ទៀតដែលមានទំហំ២០ម៉ែត្រ ៣០ម៉ែត្រ និង៤៥ម៉ែត្រ ៕