ក្រសួងសេដ្ឋកិច្ចស្នើសម្ដេចតេជោបន្តលើកលែងពន្ធលើចំណេញមូលធនដល់ឆ្នាំ២០២៤

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២២នេះ ការអនុវត្តពន្ធលើចំណេញមូលធននៅតែមិនទាន់ចាប់ផ្ដើមប្រមូលជាផ្លូវការនៅឡើយ ហើយនៅតែមិនទាន់ច្បាស់លាស់ថានឹងអាចអនុវត្តនៅក្នុងឆ្នាំ ២០២២ នេះឬយ៉ាងណា ខណៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននិងកំពុងដាក់សំណើរទៅសម្ដេចតេជោ ដើម្បីបន្តពន្យារពេលលើការអនុវត្តពន្ធលើចំណេញមូលធននេះ២ឆ្នាំទៀត។

តាមលោកលោក នុប សុធន វិចិត្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលពីនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកសំណើរគោរពជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី រួចហើយ ដើម្បីសុំពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន គឺដើម្បីចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដើម្បីជំរុញការវិនិយោគ និងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានឱ្យដឹងថា វាជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យអចលនទ្រព្យហើយវានឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ដោយសារតែរដ្ឋអត់ទាន់គិត តម្លៃនៅមានកម្រិតទាប ហើយបើសិនជារដ្ឋគិតពន្ធលើចំណេញមូលធន២០ភាគរយ នោះតម្លៃនឹងឡើងខ្ពស់ ហើយអ្នកប្រើប្រាស់នឹងត្រូវឡើងខ្ពស់។

លោកឧកញ៉ាបន្តថា រាជរដ្ឋាភិបាលលោកពិតជាបានគិតគូរល្អិតល្អន់ពីបញ្ហាសេដ្ឋកិច្ច និងផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ១៩។ ហើយតាមរយៈការពន្យារពេលនៃការអនុវត្តពន្ធលើចំណេញមូលធននេះដែរ នឹងជំរុញឱ្យមានការវិនិយោគ មានការទិញលក់ហើយក៏អាចទុកពេលវេលាសម្រាប់អ្នកអភិវឌ្ឍន៍ក្នុងការអភិវឌ្ឍវិស័យនេះឱ្យបានប្រសើរឡើងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here