ដោយ៖ សុធារី
ភ្នំពេញ៖ សកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលចំណាយថវិកាសរុបជាង៤លានដុល្លាសហរដ្ឋអាមេរិក ត្រូវបានបើកការដ្ឋានការសាងសង់ហើយនៅថ្ងៃទី២៣ ខែមករា នេះ។
សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណធម្មយុត្តិកនិកាយ ខេត្តកណ្តាល បានមានសង្ឃដីកាថា អគារសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំណាយថវិកាចំនួន ៤.០៥៣.០០០ $ ដោយមិនទាន់គិតបញ្ចូល សម្ភារៈបរិក្ខារបំពាក់ក្នុងអគារនៅឡើយ។
អគារសាកលវិទ្យាល័យនេះសាងសង់លើផ្ទៃដីទំហំ ១៣.៥៨០ម៉ែត្រការ៉េ (មួយម៉ឺនបីពាន់ប្រាំរយប៉ែសិបម៉ែត្រការ៉េ) មានកម្ពស់ ៦ជាន់ មានរាងជាអក្សអ៊ុយ(U) មានបន្ទប់សិក្សាចំនួន៧២បន្ទប់ បន្ទប់រដ្ឋបាល ១៧បន្ទប់ សាលប្រជុំ០២បន្ទប់ ផ្ទុកមនុស្សបានចំនួន១០២០នាក់ មានអាហារដ្ឋានចំនួន០១កន្លែង ចំណតយានយន្ត០១កន្លែង។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា អគារសាកល វិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទុកជាប្រវត្តិសាស្ត្រសម្រាប់ សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេសមកទទួលការអប់រំ និងសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹងនៅទីនេះ៕