រដ្ឋាភិបាលជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីឯកជនបានជួបពិភាក្សាលើគោលនយោបាយសម្រាប់ការគាំទ្រសម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV) នៅកម្ពុជា និងការជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។

 

ក្នុងជំនួបនេះមានការចូលរួមពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Peter Brongers អគ្គនាយកក្រុមហ៊ុន HGB Group លោក James Zemke អគ្គនាយកក្រុមហ៊ុន Mercedes លោក Hy Ramy នាយកប្រតិបត្តិផ្នែកហិរញ្ញ វត្ថុក្រុមហ៊ុន HGB Group និងលោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធផងដែរ។

កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) សហការគ្នាដើម្បីដំឡើងស្ថានីយសាកថ្ម Evs ចំនួនប្រាំទីតាំង រួមមាន ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តារាជធានី-ខេត្តមួយចំនួន គម្រោងដំឡើងស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិស័យឯកជនផងដែរ។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាចិត្តក្នុងការជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ។ រាជរដ្ឋាភិបាលមានការបើកចំហរទូលំទូលាយដល់វិនិយោគិនទាំងក្នុងស្រុក ក៏ដូចជាក្រៅស្រុកវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី។

គណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានស្នើឱ្យក្រសួងជួយពិនិត្យ និងសម្របសម្រួលលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការដំឡើងឧបករណ៍ស្តង់ដារួម (យថាប្រភេទតែមួយ) ដែលអាចឱ្យរថយន្តដើរដោយថាមពលអគ្គិសនីគ្រប់ប្រភេទទាំងអស់ដោតសាកថ្ម EVs នៅតាមស្ថានីយសាកថ្មណាមួយក៏បាន និងបានស្នើឱ្យមានគោលនយោបាយសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here