ដោយ៖ សុធារី
ភ្នំពេញ៖ បើយោងតាមរបាយការណ៍ព្យាករណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនអន្តរជាតិ CBRE នៅឆ្នាំ ២០២២ ការផ្គត់ផ្គង់ក្នុងទីផ្សារលំនៅឋានជារួមទាំងខុនដូ និងបុរី នឹងមានតិចជាងមុន ខណៈនិន្នាការលក់ក្នុងតម្លៃប្រូម៉ូសិននឹងនៅតែបន្តពិសេសសម្រាប់ខុនដូ ទិសដៅដើម្បីលក់យូនីតដែលជាប់គាំងចេញ ក្រោយមានការធ្លាក់ចុះយ៉ាងគំហុក២ឆ្នាំចុងក្រោយនេះ។
របាយការណ៍បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ អ្នកទិញផ្ទះក្នុងស្រុកក៏នឹងផ្លាស់ប្តូររសនិយម និងវិធីជ្រើសរើសលំនៅឋានផងដែរ។
ក្រៅពីចង់បានផ្ទះដែលមានតម្លៃសមរម្យ អ្នកទិញភាគច្រើននឹងងាកមកផ្ដោតលើគុណភាពផ្ទះ និងភាពប្លែកថ្មីនៃការរចនាម៉ូតផ្ទះដែលទំនើបនឹងស្របតាមនិន្នាការលោកជាងមុន។ កត្តានេះនឹងធ្វើឱ្យ អ្នកអភិវឌ្ឍន៍ពិចារណាឡើងវិញទាំងកត្តាតម្លៃ គុណភាព និងការរចនា មុននឹងសម្រេចចិត្តសាងសង់គម្រោងណាមួយ។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ខុនដូមានសរុបត្រឹម៤គម្រោង ដែលមានជាង ១000យូនីត និង បុរី៦២ ដែលមានជាង ២០ 000ខ្នង ត្រូវបានប្រកាសលក់ ប្រៀបធៀបនឹងឆ្នាំ២០២២ បុរីនឹងមានដល់ ៥0 000ខ្នង ខណៈខុនដូនឹងមានប្រមាណ ១៣ ០០០យូនីត៕