ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ទោះប្រឈមវិបត្តិជំងឺកូវីដ១៩ក្នុងឆ្នាំ២០២១កន្លង គម្រោងសាងសង់កន្លងទៅនៅតែមានសកម្មភាព ដោយមិនបានផ្អាកទាំងស្រុងនោះឡើយ។ ក្នុងនោះ បើតាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិធំមួយប្រចាំកម្ពុជាឱ្យដឹងថា ក្នុងចំណោមគម្រោងសាងសង់ក្នុងឆ្នាំ២០២១កន្លងទៅ មានជាងពាក់កណ្ដាលជាគម្រោងលំនៅឋាន (Resident)។
ក្នុងរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញឱ្យដឹងថា ជាង៥០ភាគរយនៃគម្រោងសាងសង់ក្នុងឆ្នាំ២០២១កន្លងទៅ គឺជាគម្រោងលំនៅឋាន រួមមានផ្ទះល្វែង វីឡា បុរី និងខុនដូជាដើម។ ក្នុងនោះខណ្ឌចំនួន១០នៅភ្នំពេញ នៅតែបន្តមានសកម្មភាពសាងសង់ច្រើនក្នុងឆ្នាំ២០២១រួមមាន ខណ្ឌសែនសុខ ចំការមន ជ្រោយចង្វារ ច្បារអំពៅ ទួលគោក ដូនពេញ ឬស្សីកែវ បឹងកេងកង មានជ័យនិងខណ្ឌ៧មករា។
ការសិក្សាដដែលនេះក៏បានបង្ហាញផងដែរ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះពោលគឺចាប់ពីឆ្នាំ២០១៧រហូតដល់ឆ្នាំ២០២១ គម្រោងលំនៅឋាននៅក្នុងប្រទេសកម្ពុជាមានអត្រាខ្ពស់ជាងគម្រោងសាងសង់ផ្សេងៗទៀត ដែលធ្វើឱ្យការផ្គត់ផ្គង់លំនៅឋាននៅក្នុងប្រទេសកម្ពុជាត្រូវបានមើលឃើញថាមានចំនួនកាន់តែច្រើនឡើងៗ ជាពិសេសលំនៅឋានតម្លៃសមរម្យនៅតំបន់ជាយក្រុងភ្នំពេញ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើនបានមើលឃើញថា កំណើនប្រជាសាស្ត្រនៅក្នុងរាជធានីភ្នំពេញ ជំរុញឱ្យតម្រូវការលំនៅឋានកាន់តែច្រើននិងទាមទារឱ្យមានការសាងសង់លំនៅឋានបន្ថែមផងដែរ ជាពិសេសលំនៅឋានតម្លៃសមរម្យ។
លោកបណ្ឌិតគីម ហ៊ាង ប្រធានស្ថាបនិកនៃក្រុមហ៊ុនKW Cambodia បានឱ្យដឹងថាបច្ចុប្បន្ននេះប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញច្រើនណាស់ មិនទាន់មានផ្ទះផ្ទាល់ខ្លួន ដូច្នេះតម្រូវការលំនៅឋាននៅរាជធានីភ្នំពេញនៅតែមានខ្ពស់ និងទាមទារឱ្យមានការវិនិយោគបន្ថែម។
នៅក្រោយរដ្ឋាភិបាលបើកប្រទេសភ្លាមៗកាលពីចុងឆ្នាំ២០២១កន្លងទៅ វិនិយោគិនក្នុងស្រុកជាច្រើនក៏បានចាប់ផ្ដើមបើកការដ្ឋានសាងសង់គម្រោងលំនៅឋានដែលមានលក្ខណៈជាបុរីជាច្រើន ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យសកម្មភាពអភិវឌ្ឍន៍សំណង់នៅកម្ពុជាកាលពីចុងឆ្នាំចាប់ផ្ដើមកម្រើក និងជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំ២០២២នេះផងដែរ៕