ដោយៈវឌ្ឍនៈ
ភ្នំពេញៈ កំពង់ចាមជាខេត្តមួយ ដែលមានចំនួនប្រជាជនច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ហើយប្រជាពលរដ្ឋពីបណ្ដាខេត្តនានា ក៏បានចូលទៅរស់នៅ និងធ្វើអាជីវកម្មក្នុងខេត្តកំពង់ចាម កាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។
កំណើនអ្នកចំណូលថ្មី ទៅកាន់ខេត្តកំពង់ចាម បានធ្វើឱ្យតម្រូវការអចលនទ្រព្យក្នុងខេត្តនេះ ក៏មានកំណើនកាន់តែច្រើនដែរ ជាពិសេសទៅលើវិស័យលំនៅឋាននិងដីធ្លី។
អ្នកនាងក្រី ម៉ៃយ៉ាន ប្រធានសាខានៃក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពង់ចាម បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា កំណើនប្រជាជននៅក្នុងខេត្តកំពង់ចាម ជាពិសេសប្រជាជនមកពីខេត្តផ្សេងៗ បានធ្វើឱ្យតម្រូវការដីធ្លីបង្កបង្កើនផល និងដីធ្លីសម្រាប់សង់លំនៅឋាន បានកើនឡើងជាបន្តបន្ទាប់។
អ្នកនាងបន្តថា នៅក្នុងខេត្តកំពង់ចាមមានសក្ដានុពល លើកសិកម្ម ព្រោះតំបន់នេះ ជាតំបន់ដែលអំណោយ ផលលើដំណាំ ដែលវិនិយោគិនអាចវិនិយោគលើកសិកម្មបាន”។ អ្នកនាងបន្តថា “ម្យ៉ាងទៀត ប្រជាពលរដ្ឋនៅខេត្តកំពង់ចាមភាគច្រើន ជាអ្នកមានជីវភាពធូរធា ហើយភាគច្រើននៃពលរដ្ឋកំពង់ចាម បានចាកចេញពីខេត្តកំពង់ចាម ទៅវិនិយោគនៅភ្នំពេញ ដូច្នេះអ្នកវិនិយោគ តែងតែសម្លឹងមើលការវិនិយោគ នៅក្នុងខេត្តនេះដើម្បី បំពេញតម្រូវការរបស់ពលរដ្ឋ”។
អ្នកនាងបន្តថា សេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ចាម បានផ្ដោតទៅលើកសិកម្ម ដូចជា ចំការកៅស៊ូជាដើម ហើយសម្រាប់គម្រោងវិនិយោគធំៗនៅក្នុងខេត្តនេះ មិនទាន់មាននៅឡើយ ដោយគម្រោងវិនិយោគភាគច្រើនជាគម្រោងខ្នាតតូច និងលក្ខណៈគ្រួសារប៉ុណ្ណោះ ។ យ៉ាងណាក្ដី បន្ទាប់ពីមានក្រុមហ៊ុនKW បានចូលទៅកាន់ខេត្តកំពង់ចាម បានធ្វើឱ្យមានការចាប់អារម្មណ៍ លើការអភិវឌ្ឍជាក់ស្ដែងម្ចាស់អចលនទ្រព្យមួយចំនួន បានបង្ហាញការចាប់អារម្មណ៍ និងបានពឹងឱ្យយើងជួយវាយតម្លៃ និងអភិវឌ្ឍន៍នៅលើដីរបស់ពួកគាត់។
រាជរដ្ឋាភិបាលក៏បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តកំពង់ចាម និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ ទេសចរណ៍ និងវិនិយោគិនផងដែរ។
មកដល់ពេលនេះ មានក្រុមហ៊ុនមួយចំនួន បានចូលទៅកាន់ខេត្តកំពង់ចាម ដើម្បីស្វែងរកការវិនិយោគ ក្នុងនោះក៏មានការវិនិយោគទៅលើឧស្សាហកម្មរោងចក្រ សហគ្រាស និងមានក្រុមហ៊ុនផ្សេងទៀតបណ្ដាក់ទុនវិនិយោគលើលំនៅឋាន និងផ្សារសហគមន៍ផងដែរ តែមិនដល់ពេលនេះ គម្រោងខ្លះ ក៏ទទួលបានជោគជ័យខ្លះទៀតនៅបន្តអូសបន្លាយ៕