ដោយៈសុខុម
វៀងចន្ទន៍: នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឡាវបានសម្រុកបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZs) កាន់តែច្រើនឡើងៗ ដែលមិនត្រឹមតែដើម្បីជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបណ្ដុះកម្មករជំនាញផងដែរ។
តួយ៉ាងការិយាល័យលើកកម្ពស់ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស (SEZ Promotion and Management Office) នៃប្រទេសនេះនិយាយថា ខ្លួនមានគម្រោងបណ្ដុះបណ្ដាលពលរដ្ឋឡាវ រាប់ម៉ឺននាក់ឱ្យក្លាយជាកម្មករជំនាញ ដើម្បីឱ្យពួកគេទទួលបានឱកាសការងារ នៅតាមតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃអង្គារ ទី២៥ មករា នេះ។
-->

រដ្ឋាភិបាលឡាវ បានកំណត់រួចហើយថា គម្រោងវិនិយោគខ្នាតធំមួយចំនួន នឹងទទួលបានអត្ថប្រយោជន៍ ពីរំហូរកម្មករជំនាញ រួមមាន ទាំងគម្រោងទីក្រុងឆ្លាតវៃ Amata Smart & Eco City នៅខេត្តហ្លួង ណាមថា (Luang Namtha) និងខេត្តឧត្ដមសាយ (Oudomxay) គម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងខេត្តស្រះកែវ (Bokeo) គម្រោងសាងសង់ពុទ្ធបដិមារដ៏ធំនៅ That Luang Marsh គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ត្រីកោណមាស និងគម្រោងជាច្រើនទៀតផងដែរ។

លោក Sonepasert Dalavong អគ្គនាយកស្តីទីនៃការិយាល័យលើកកម្ពស់ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស បានលើកឡើងថា ទោះបីជាចំនួនយុវជនគ្របដណ្ដប់៦០% នៃចំនួនប្រជាជនសរុបក្ដី ក៏ការអភិវឌ្ឍជំនាញការងារក្នុងស្រុក មិនទាន់គ្រប់គ្រាន់ សម្រាប់តម្រូវការការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZs) នីមួយៗនៅឡើយទេ។

លោកបញ្ជាក់ថា ក្រុមហ៊ុនរហូតដល់ទៅ១.០៧៥ក្រុមហ៊ុន បានបោះទុនវិនិយោគ នៅតាមតំបន់សេដ្ឋកិច្ចពិសេសនានា ទូទាំងប្រទេសឡាវ ដោយការវិនិយោគ បានពីប្រទេសចិន ជប៉ុន ដាណឺម៉ាក បារាំង និងប្រទេសថៃ ដែលបង្កើតការងារបានចំនួន៥២.៣១៩កន្លែង ប៉ុន្តែក្នុងនោះមានតែ២៣.១៥៨នាក់ប៉ុណ្ណោះដែលជាកម្មករឡាវ។
រដ្ឋាភិបាលឡាវ បានប្ដេជ្ញាថា ខ្លួននឹងព្យាយាមទាក់ទាញ ក្រុមហ៊ុនឱ្យបានជាង៧០០ក្រុមហ៊ុនទៀត ឱ្យបោះទុនវិនិយោគនៅតាមតំបន់សេដ្ឋកិច្ចពិសេសក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយថាក្រុមហ៊ុនទាំងនោះ នឹងបង្កើតការងារ បានជាង១៣០.០០០កន្លែង បន្ថែមទៀតសម្រាប់ពលរដ្ឋឡាវ៕ Laotian Times៕