ដោយ៖ សុខុម
បាងកក: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Thailand និយាយថា ខុនដូធំៗក្នុងទីផ្សារលក់ចេញបន្តនៃក្រុងបាងកក នឹងមានតម្រូវការខ្ពស់ក្នុងឆ្នាំ២០២២ នេះ ខណៈតម្លៃក្នុងគម្រោងខុនដូថ្មីៗក្នុងក្រុងនេះនៅតែខ្ពស់ ទោះបីជាមានទំហំតូចជាងយ៉ាងណាក្ដី។
លោកស្រី Praphinleeya Phuengkuankhan ប្រធានផ្នែកលក់លំនៅដ្ឋានប្រចាំក្រុមហ៊ុន CBRE Thailand លើកឡើងថា អ្នកទិញខុនដូកំពុងស្វែងរកយូនីតដែលមានទំហំធំនៅទីតាំងល្អក្នុងតម្លៃសមរម្យ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ កុម្ភៈ នេះ។
លោកស្រីបានបន្ថែមទៀតថា “អ្នកទិញភាគច្រើននៅក្នុងទីផ្សារលក់ចេញបន្ត គឺជាអ្នកប្រើប្រាស់ពិតប្រាកដ (End User) ដែលទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនជាជាងទិញទុកលក់ចេញយកចំណេញសម្រាប់រយៈពេលខ្លី”។
អ្នកទិញខុនដូលក់ចេញបន្តចាប់អារម្មណ៍លើយូនីតធំទូលាយ ដែលពួកគេអាចខណ្ឌចែកកន្លែងធ្វើការដាច់ដោយឡែកពីកន្លែងរស់នៅ។ ទីផ្សារលក់ចេញបន្តនៃអគារចាស់ៗបំពេញបានតាមតម្រូវការទាំងនោះ។
ក្នុងឆ្នាំ២០២១ យូនីតខុនដូលក់ចេញបន្តដែលលក់ដាច់ជាងគេបំផុតគឺយូនីតដែលមាន២បន្ទប់គេងជាមួយទំហំចន្លោះពី៨០ម៉ែត្រការ៉េ ទៅ១៣០ម៉ែត្រការ៉េ បន្ទាប់មកគឺយូនីតដែលមាន៣បន្ទប់គេងជាមួយទំហំចន្លោះពី២០០ម៉ែត្រការ៉េ ទៅ៣៦០ម៉ែត្រការ៉េ និងយូនីតដែលមាន១បន្ទប់គេងជាមួយទំហំចន្លោះពី៦៧ម៉ែត្រការ៉េ ទៅ៨៤ម៉ែត្រការ៉េ។
នេះក៏បានបង្ហាញឱ្យឃើញដែរថា ទំហំយូនីតសម្រាប់ប្រភេទបន្ទប់គេងនីមួយៗនៅក្នុងទីផ្សារលក់ចេញបន្តនៃអគារចាស់ៗមានទំហំធំជាងអគារថ្មីៗ ដែលយូនីតមាន១បន្ទប់គេងមួយមានទំហំត្រឹមតែចន្លោះពី៣៥ម៉ែត្រការ៉េ ទៅ៥០ម៉ែត្រការ៉េ ខណៈយូនីតដែលមាន២បន្ទប់គេងមានទំហំត្រឹមតែចន្លោះពី៥៥ម៉ែត្រការ៉េ ទៅ៩០ម៉ែត្រការ៉េ និងយូនីតដែលមាន៣បន្ទប់គេងមានទំហំត្រឹមតែចន្លោះពី៩០ម៉ែត្រការ៉េ ទៅ១៤០ម៉ែត្រការ៉េ។
ទីតាំងពេញនិយមបំផុតនៃខុនដូលក់ចេញបន្តក្នុងឆ្នាំ២០២១ គឺនៅសុខុមវីត (Sukhumvit) សាថន (Sathon) សង្កាត់ពាណិជ្ជកម្មកណ្តាលក្រុងបាងកក និងតំបន់មាត់ទន្លេ ព្រមទាំងនៅតាមបណ្ដោយផ្លូវចារឺនណាខន (Charoen Nakhon) និងចារឺនក្រុង (Charoen Krung) ជាដើម។
លោកស្រី Praphinleeya Phuengkuankhan បានគូសបញ្ជាក់ថា តម្លៃទីផ្សារលក់ចេញបន្តនៃគម្រោងខុនដូទាំងអស់នៅក្នុងទីតាំងតែមួយគឺមិនស្មើគ្នានោះទេ ដោយសារតម្លៃត្រូវបានកំណត់ដោយផ្អែកលើគុណភាពនៃសំណង់អគារ ប្រព័ន្ធទឹកភ្លើង និងការថែទាំអគារដើម្បីធានាថាស្ថានភាពរបស់អគារនៅល្អគ្រប់យ៉ាងជាដើម៕