ដោយៈសុខុម
អន្តរជាតិ: ប្រទេសរុស្ស៊ី បានប្រកាសក្ដែងៗដោយមិនញញើតថា ខ្លួនអាចនឹងបិទបំពង់បង្ហូរឧស្ម័ន (ហ្គាស) ដ៏សំខាន់របស់ខ្លួន ដែលភ្ជាប់ជាមួយប្រទេសអាល្លឺម៉ង់ ប្រសិនបើលោកខាងលិច ហ៊ានដាក់បម្រាមលើប្រេងរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃអង្គារ ទី៨ មីនា នេះ។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានលើកឡើងថា “ការច្រានចោលប្រេងរបស់រុស្ស៊ី នឹងនាំឱ្យទីផ្សារពិភពលោក ឈានទៅដល់មហន្តរាយ” ដែលអាចបណ្តាលឱ្យតម្លៃប្រេងឆៅ ហក់ឡើងលើសពីទ្វេដងរហូតដល់៣០០ដុល្លារក្នុងមួយបារ៉ែល។
សហរដ្ឋអាមេរិក បាននិងកំពុងស្វះស្វែងកៀរគរសម្ព័ន្ធមិត្ត ដើម្បីដាក់បម្រាមលើប្រេងរបស់រុស្ស៊ី ជាមធ្យោបាយមួយដើម្បីដាក់ទណ្ឌកម្ម លើប្រទេសនេះ ចំពោះការឈ្លានពានចូលប្រទេសអ៊ុយក្រែន។
ទោះជាយាងណា ប្រទេសអាល្លឺម៉ង់ និងប្រទេសហូឡង់ បានច្រានចោលផែនការនេះកាលពីថ្ងៃច័ន្ទ ទី៧ មីនា។
ការជំទាស់នោះ គឺដោយសារសហភាពអឺរ៉ុប ពឹងផ្អែកខ្លាំងលើប្រទេសរុស្ស៊ី ផ្នែកឧស្ម័ន និងប្រេង។
បច្ចុប្បន្ន៤០%នៃឧស្ម័ន និង៣០%នៃប្រេងដែលសហភាពអឺរ៉ុប ប្រើប្រាស់ គឺទទួលបានការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ហើយក្នុងករណីការផ្គង់ផ្គត់របស់រុស្ស៊ី ត្រូវរាំងស្ទះ ឬបិទខ្ទប់ គឺគ្មានអ្វីដែលអាចជំនួសបានដោយងាយៗនោះឡើយ និយាយរួមគឺអាសន្នធំតែម្ដង។
ក្នុងសុន្ទរកថា តាមទូរទស្សន៍រដ្ឋរបស់រុស្ស៊ី លោកAlexander Novak បានលើកឡើងថា “វាមិនអាចស្វែងរកអ្វីមកជំនួសប្រេងរបស់រុស្ស៊ី បានភ្លាមៗឡើយនៅលើទីផ្សារអឺរ៉ុប”។
លោកបានបន្ថែមទៀតថា “វានឹងត្រូវចំណាយពេលរាប់ឆ្នាំ ហើយវានៅតែមានតម្លៃថ្លៃជាង សម្រាប់អ្នកប្រើប្រាស់នៅអឺរ៉ុប។ ទីបំផុត ពួកគេនឹងត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ បំផុតដោយសារលទ្ធផលនេះ”។
សំដៅដល់ការសម្រេចរបស់អាល្លឺម៉ង់ កាលពីខែមុននៅក្នុងការផ្អាកផ្ដល់អាជ្ញាប័ណ្ណ ដំណើការបំពង់បង្ហូរឧស្ម័ន Nord Stream 2 ជាបំពង់បង្ហូរឧស្ម័នថ្មីដែលតភ្ជាប់ប្រទេសទាំងពីរ លោកបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា បើឈានដល់ការបិទខ្ទប់ប្រេងរបស់រុស្ស៊ី នោះប្រទេសរុស្ស៊ី នឹងធ្វើការសងសឹកវិញជាមិនខាន។
រុស្ស៊ី ជាប្រទេសផលិតឧស្ម័នធម្មជាតិ ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតប្រេងឆៅធំបំផុតទី២ របស់ពិភពលោក ហើយការចាត់វិធានការណាមួយ ដើម្បីដាក់ទណ្ឌកម្មឧស្សាហកម្មថាមពល របស់ប្រទេសនេះនឹងធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ប្រទេសនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរ ឬរំលំរលាយជាមិនខាន៕ BBC៕