វៀតណាមត្រៀមបើកជើងហោះហើរអន្តរជាតិឡើងវិញនៅខែនេះ

0

ដោយៈសុខុម

ហាណូយ: ការបើកជើងហោះហើរអន្តរជាតិ និងការបើកព្រំដែនឡើងវិញនៅខែមីនា នេះនឹងមិនត្រឹមតែផ្តល់ផលល្អ ដល់វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចរបស់វៀតណាមប៉ុណ្ណោះទេ បុន្តែថែមទាំងជួយជំរុញឱ្យតម្រូវការខុនដូ-អាផាតម៉ិនហក់ឡើងផងដែរ។

សារព័ត៌មាន Vietnam News បានចុះផ្សាយនៅថ្ងៃពុធ ទី៩ មីនា នេះថា ទេសចរណ៍ក្នុងស្រុក ទទួលបានកំណើននៅដើមឆ្នាំ២០២២ នេះដោយសារមានមនុស្សដើរលេងច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម។

យោងតាមរដ្ឋបាលជាតិទេសចរណ៍វៀតណាមបានឱ្យដឹងថា អំឡុងបុណ្យចូលឆ្នាំថ្មី ដែលមានរយៈពេល៩ថ្ងៃនេះ មានភ្ញៀវទេសចរក្នុងស្រុកដើរលេងជាង៦,១លាននាក់ ដែលផ្ដល់ប្រាក់ចំណូល ដល់វិស័យទេសចរបាន១,១ពាន់លានដុល្លារអាមេរិក។ ចំនួននេះ ឆ្លុះបញ្ចាំងតម្រូវការពិតប្រាកដ និងទស្សនវិស័យ ប្រកបដោយសុទិដ្ឋិនិយម សម្រាប់ការរស់រានឡើងវិញនៃទេសចរណ៍ក្នុងស្រុក។

ជាផ្នែកមួយនៃផែនការបើកព្រំដែនឡើងវិញ ដើម្បីទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ អាជ្ញាធរវៀតណាមបានប្រកាសថា ជើងហោះហើរអន្តរជាតិនឹងចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី១៥ មីនា ឆ្នាំ២០២២ តទៅ។ ការបើកឡើងវិញនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ ដល់ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវិស័យខុនដូ-អាផាតម៉ិនក៏ទទួលបានផលដូចគ្នាដែរ។

ជនបរទេសដែលជាអ្នកជំនាញ គឺជាអ្នកជួលខុនដូ-អាផាតម៉ិនច្រើនជាងគេនៅក្រុងហាណូយ ដោយក្នុងនោះជនជាតិជប៉ុន និងកូរ៉េ គឺជាអ្នកជួលខុនដូ-អាផាតម៉ិនកម្រិតA ច្រើនជាងគេដែលគ្របដណ្ដប់៨៤% នៅក្នុងឆមាសទី២ ចុងឆ្នាំ២០២១។

យោងតាមក្រុមហ៊ុនអចលនទ្រព្យ ដ៏ធំបំផុតរបស់វៀតណាម Savills Việt Nam ឱ្យដឹងថា បច្ចុប្បន្ននេះ ទស្សនវិស័យសម្រាប់សណ្ឋាគារ និងខុនដូ-អាផាតម៉ិន គឺមានភាពល្អប្រសើរ ដោយសារព្រំដែនគ្រោងនឹងបើកឡើងវិញនៅពាក់កណ្តាលខែមីនានេះ។

ទោះជាយ៉ាងណា វិស័យទាំងពីរនេះនឹងបន្តពឹងផ្អែកខ្លាំងថា តើអាជ្ញាធរគ្រប់គ្រងការរីករាលដាលវីរុសកូវីដ-១៩ បានល្អកម្រិតណា និងមានវិធីសាស្ត្របែបណាខ្លះ ក្នុងការគ្រប់គ្រងការរីករាលដាលវីរុសនេះ។

ក្រុមហ៊ុនដដែលនិយាយថា នៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ការផ្គត់ផ្គង់សណ្ឋាគារ ក៏ត្រូវបានរំពឹងថានឹងកើនឡើងផងដែរ ជាមួយនឹងការផ្គត់ផ្គង់បន្ទប់ថ្មីៗចំនួន២.៩០០បន្ទប់ ដែលនេះបង្ហាញពីការមានទំនុកចិត្តឡើងវិញ របស់បណ្ដាវិនិយោគិនលើវិស័យបដិសណ្ឋារកិច្ច៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here